(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ របស់គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី គ្រប់ក្រុមការងារគ្រប់ថ្នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក, លោក កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្លែងអបអរសាទរ កោតសសើរដល់កិច្ចខិតខំរួមគ្នាឈរលើស្មារតីទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានបន្តថែរក្សាសន្តិសុខ ស្ថិរភាពភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នលើគ្រប់វិស័យតាមរយៈមាគ៌ានយោបាយដ៏ត្រឹមត្រូវ ស្ដារ និងលើកស្ទួយបាននូវមហាកិត្តិយសជាតិល្បីរន្ទឺនៅលើសកលលោក គឺការគ្រប់គ្រងបានទាំងស្រុងនូវវិបត្តិជំងឺកូវីដ១៩ ការរៀបចំកិច្ចប្រជុំអាស៊ាន ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) ដែលជាសមិទ្ធផលរួមកើតចេញពីមហាសាមគ្គីដ៏រឹងមាំរបស់ប្រជាជាតិយើង។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានអំពាវនាវដល់ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវបន្តសកម្មភាពរបស់ខ្លួនតាមផែនការដែលបានដាក់ចុះ «សមាជិកម្នាក់ សម្លេងគាំទ្រមួយសំលេង» បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បន្តរក្សាបាននូវសន្តិភាព ស្ថេរភាព និងបន្តការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ៕