(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួល ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានលើកឡើងថា សម្រាប់ស្រុកសង្កែ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣ មានចំនួន៤ឃុំ គឺឃុំតាប៉ុន ឃុំរកា ឃុំកំពង់ព្រះ ឃុំកំពង់ព្រៀង ហើយរដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ៦,៧០៣.៤៣ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន១,៧០៧គ្រួសារ កែសម្រួលព្រំតំបន់២មកព្រំតំបន់១ ទំហំ៥០៩.៦១ហិកតា ស្មើនឹងប្រជាពលរដ្ឋ ចំនួន១០៧គ្រួសារ កែសម្រួលព្រំតំបន់២ មកព្រំតំបន់១ទំហំ១,៣៣៩.៦៨ហិកតា ស្មើនឹង១,០៧៩ក្បាលដី។

ក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផល លើដីតំបន់២ តំបន់៣នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២ មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋ បានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរឹងជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។

លោក សុខ លូ បានណែនាំដល់អាជ្ញាធរស្រុកពាក់ព័ន្ធ ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ។ សម្រាប់ដីដែលប្រជាពលរដ្ឋបានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលនៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋមិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណទទួលមរណភាព៕