(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលជួបសំណេះសំណាលជាមួយមន្ត្រីភូមិ ក្នុងសង្កាត់បឹងកេងកង II ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីបានទទួលជ្រាប អំពីការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថានភាពមុខរបរ អាជីវកម្ម ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ រួមទាំងបញ្ហាប្រឈម ការលំបាកខ្វះខាត និងសំណូមពររបស់មូលដ្ឋានផងដែរ។
ក្នុងជំនួបសំណេះសំណាលនៅរសៀលថ្ងៃទី១៨ ខែកក្កដានោះ សម្តេច សាយ ឈុំ បានផ្តល់យោបល់ដឹកនាំណែនាំ សម្រាប់បន្តអនុវត្ត ជាប្រចាំបន្តទៅមុខទៀត៖
១-សូមបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានឲ្យកាន់តែល្អ ជាពិសេសការដឹកនាំ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីជួយប្រជាពលរដ្ឋ ឲ្យរស់នៅបានសុខសាន្ត.
២-សូមបន្តយកចិត្តទុកដាក់ជម្រុញ ការងារផ្តល់សេវាសាធារណៈ ជូនប្រជាជនយើងនៅមូលដ្ឋាន... ដោយគ្មានការរើសអើង និងប្រកបដោយ តម្លាភាព គុណភាព និងសូមជួយសម្រួល ដើម្បីដោះស្រាយសំណូមពររបស់ប្រជាជនយើង ទៅតាមតួនាទី និងលទ្ធភាព ជាពិសេសការជំរុញឲ្យប្រពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត...។ល។
ក្នុងឱកាសនោះ សម្តេច សាយ ឈុំ បានផ្តែផ្តាំឲ្យបន្ត ពង្រឹងធ្លុងសាមគ្គីភាព ក្នុងជួរប្រជាជននៅមូលដ្ឋាន ដើម្បីធានារក្សាបាននៅភាពសុខដុមរម្យនា ដោយគ្មានការរើសអើង ប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈ ក្នុងសង្គម និយាយរួមគឺកុំឲ្យមានបញ្ហាទំនាស់...៕