(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងទៅកាន់មិត្តបរទេស ជាពិសេសតំណាងស្ថានទូតនានា ដែលមកចូលរួមកម្មវិធីនាពេលព្រឹកនេះ ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន ខណៈកម្ពុជាបានខំប្រឹងប្រែងកសាងប្រទេសតាំងលេខសូន្យ ពោលគឺបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំកាលពីឆ្នាំ១៩៧៩។

​សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ​ធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចបានកសាងកម្ពុជាឡើងវិញ ​ផ្តើមពីទីក្រុងភ្នំពេញមានមនុស្ស៧០នាក់ប៉ុណ្ណោះ ​ហើយរហូតមកដល់ឆ្នាំ២០០៤ រាជធានីភ្នំពេញមានអគារដែលខ្ពស់ជាងគេមានត្រឹមតែ៧ជាន់ និងមានតែ១​ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាពអាចសាងសង់មន្ទីរបានរហូត១២ជាន់។

សម្តេចមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះប្រិយមិត្ត អគ្គរដ្ឋទូត អគ្គរាជទូត ក៏ដូចជាតំណាងមិត្តភក្តិបរទេសទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ សូមមើលសមិទ្ធផលរបស់កម្ពុជា យើងខ្ញុំក្រ តែយើងខ្ញុំត្រដររស់តាំងពីភ្នំពេញនៅទទេ»។ ​

សម្តេចតេជោ បានថ្លែង​ប្រាប់មិត្តបរទេសបន្តថា កម្ពុជា បានចាប់ផ្តើមកសាងប្រទេសចាប់ពីបាទដៃទទេ ហើយថែមទាំងជាបាទដៃរបួសទៀត ដែលត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែកម្ពុជាបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានរស់ ស្របពេលដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ​ ផ្ទុយ​ពីនាយករដ្ឋមន្រ្តី ឬប្រធានាធិបតីរបស់ប្រទេសទាំងនោះ ពេលឡើងកាន់តំណែង អ្វីៗមានស្រាប់ ដោយគ្រាន់តែដាក់ចេញគោលនយោបាយអនុវត្តប៉ុណ្ណោះ​៕