(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយរបស់មន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មានសប្បុរសជនចំនួន២២៣នាក់ ស្មើនឹង៧២លានដុល្លារអាមេរិក ដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់អគារព្យាបាលថ្មីនេះ។

ប៉ុន្ដែក្រៅពីសប្បុរសជន២២៣នាក់នេះ ក៏មានសប្បុរសជន២នាក់ផ្សេងទៀត បានប្រកាសឧបត្ថម្ភថវិកាដែរ តែមិនទាន់ឃើញឲ្យលុយឡើយ ដោយក្នុងនោះ ម្នាក់ឧបត្ថម្ភ២លានដុល្លារ និងម្នាក់ទៀត ឧបត្ថម្ភ២០ម៉ឺនដុល្លារ។ តែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន មិនបានប្រកាសឈ្មោះសប្បុរសជនទាំង២នាក់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សរុបយើងមានសប្បុរសជនទាំងអស់ ចំនួន២២៥នាក់ ដែលចូលរួមវិភាគទានបានចំនួន៧៥លានដុល្លារ ប៉ុន្ដែដោយសារតែ២នាក់ បានសន្យាតែមកដល់ពេលនេះមិនបានផ្ដល់ថវិកានោះទេ ម្នាក់ចូល២លានដុល្លារ និងម្នាក់ទៀត២០ម៉ឺនដុល្លារ ដូច្នេះអ្នកដែលបានផ្ដល់ប្រាក់ ចំនួន២២៣នាក់ មានចំនួនទឹកប្រាក់៧២លាន ៨សែនដុល្លារ»

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ចំនួនថវិកាសរុបដោយគិតបញ្ចូលទាំងថវិការាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារ និងអំណោយផ្សេងៗទៀត ដូច្នេះថវិកាសរុប១០២លាន៨សែនដុល្លារ និង២៨១លានរៀល។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង ហើយសម្ដេចក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះផងដែរ។

គួរជម្រាបថា អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារ។ «អគារតេជោអភិវឌ្ឍន៍» នេះសាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ម៉ែត្រ មាន​កម្ពស់១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ។

ក្នុងគោល​បំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌ​លព​ហុ​ឯកទេស​ នៃមន្ទីរពេទ្យ​កាល់​ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់​នូវ​សេវាពហុឯកទេស ប្រកប​ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាម​ការ​វិ​វត្ត​របស់សកល​លោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា៕