(ម៉ូស្គូ)៖ បន្ទាប់ពីមានរាយការណ៍ពីការស្រាវជ្រាវតាមរយៈការពិនិត្យទឹកនោម ដែលបានប្រើពេលជាង២ខែមកនេះរបស់ ទីភ្នាក់ងារពិភពលោកប្រយុទ្ធប្រឆាំង ការប្រើប្រាស់សារធាតុញៀន World Anti-Doping Agency ហៅកាត់ (WADA) ក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Richard McLaren បានរកឃើញថា អត្តពលិករុស្ស៊ី ជាច្រើនរូប បានលួចប្រើសារធាតុញៀនប៉ូវកម្លាំងក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៤ នៅទីក្រុង Sochi កន្លងមក។ ភ្លាមៗប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានស្នើឲ្យផ្អាកបណ្តោះអាសន្ននូវអត្តពលិករុស្ស៊ីទាំងអស់ ដែលមានឈ្មោះជាប់ពាក់ព័ន្ធការលួចប្រើសារធាតុញៀនប៉ូវកម្លាំង រង់ចាំការស៊ើបអង្កេតឲ្យម៉ត់ចត់ បន្ថែមទៀតនៅរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរបស់រុស្ស៊ី ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
សូមជំរាបថា អត្តពលិកម្ចាស់ផ្ទះរុស្ស៊ីជាច្រើនរយនាក់ ត្រូវបានគេរកឃើញថា បានលួចប្រើសារធាតុញៀន នៅអំឡុងការប្រកួតកីឡា Winter Olympic Games 2014 តាមរយៈការពិនិត្យទឹកនោម ដែលបានប្រើពេលជាង២ខែមកនេះ របស់ WADA ក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Richard McLaren។
ករណីមិនប្រក្រតីនានាតែងតែត្រូវបានរកឃើញទៅលើអត្តពលិករុស្ស៊ីជានិច្ច ហាក់បីដូចជា ជាចេតនាចង់បង្អាក់រដ្ឋាភិបាលរុស្ស៊ី ក្នុងការបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមប្រកួតកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ខែក្រោយនេះ ដោយសារតែរុស្ស៊ីតែងតែឈ្នះមេដាយច្រើនជាងគេ និងត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2018 ផងដែរ៕