(សិង្ហបុរី)៖ សាលក្រមដែលបានចេញទៅ បញ្ហាសមុទ្រចិនខាងត្បូងនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ ទំនាក់ទំនងរវាង ចិន និងបណ្តាប្រទេស សមាជិកអាស៊ាននោះទេ។ នេះបើតាមការ ក្រុមអ្នកជំនាញនានា បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅប្រទេសសិង្ហបុរី ស្តីពីជំហររបស់រដ្ឋាភិបាលចិន ក្រោយការសម្រេច របស់តុលាការអន្តរជាតិទីក្រុងឡាអេ លើបញ្ហាសមុទ្រចិនខាងត្បូង ដែលស៊ិនហួរ បានដកស្រង់នៅយប់ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ប្រទេសចិន បានហៅសេចក្តីសម្រេច ដែលបានចេញដោយ តុលាការអន្តរជាតិ កាលពីថ្ងៃទី១២ ខែកក្កដា នោះថា ជាការបង្កើតមានឲ្យមានក្តីឈឺចាប់ សម្រាប់ប្រជាជាតិចិន ដោយវាបានបង្ហាញពី ការឈរនៅខាង ហ្វីលីពីនទាំងស្រុង ហើយបែរជាបោះបង់ចោលនូវការទាមទាររបស់ប្រទេសចិន ដែលមានសិទ្ធិជា ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ នៅតំបន់សមុទ្រចិនខាងត្បូងនេះ។​

ប្រទេសចិនកន្លងមកបានបដិសេធមិនចូលរួម នៅក្នុងដំណើរការតាមវិធីតុលាការ ដែលធ្វើការដោះស្រាយ តាមបណ្តឹងជាឯកតោភាគីដោយប្រទេសហ្វីលីពីន ហើយទីក្រុងប៉េកាំង នៅបានលើកឡើងទៀតថា តុលាការខាងលើនេះគ្មានយុត្តាធិការក្នុងការដោះស្រាយករណីនេះឡើយ។ ទោះបីជាសាលក្រមចេញមក បានបង្ហាញពីការជំទាស់ការទាមទារសិទ្ធិធ្វើនាវាចរ និងដែនអធិបតេយ្យ របស់ចិនក៏ដោយ ក៏ប្រទេសចិន នៅតែហៅសេចក្តីសម្រេចនោះថា «គ្មានតម្លៃ មិនអាចយកជាការ និងគ្មានការឯកភាពជារួម»

ទោះបីជាយ៉ាងណាក៏ដោយប្រទេសចិន នៅតែរក្សាគោលជំហរចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងឈរលើការចរចាគ្នា ដោយយោងលើភាពពិតនៃប្រវត្តិសាស្ត្រ និង ច្បាប់អន្តរជាតិ។ ប្រទេសចិន នៅតែទាមទារឲ្យបញ្ហាសមុទ្រចិនខាងត្បូងនេះ ត្រូវមានការដោះស្រាយរវាងតែភាគីពាក់ព័ន្ធតែប៉ុណ្ណោះ ដោយមិនអាចយល់ព្រម តាមការចង់បានរបស់ហ្វីលីពីន ឲ្យមានអាជ្ញាកណ្តាលឬភាគីអន្តរជាតិណាមួយ ចូលរួមក្រៅពីប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នោះឡើយ៕