(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយ ការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានរដ្ឋចំការមន។ ក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហ៊ែល ចំរើន អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ព្រមទាំងមានការចូលរួមពីលោក យ៉េត វីណែល សហការីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ត្រូវបានរៀបចំឡើងនៅក្នុងក្របខណ្ឌ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមគ្រប់ក្រសួងស្ថាប័ន ដែលចូលរួមអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ដែលរួមមានសរុបប្រមាណ៤០ក្រសួង-ស្ថាប័ន។ គោលបំណង៣នៃការធ្វើកំណែទម្រង់នេះ គឺទី១-ផ្សព្វផ្សាយ បញ្រ្ជាប និងបង្កើនការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់មន្ត្រីរាជការឱ្យបានកាន់តែទូលំទូលាយ ទី២-គាំទ្រ និងពង្រឹងសមត្ថភាពបន្ថែម ដល់ក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធទំាងអស់ក្នុងការរៀបចំ ការអនុវត្តផែនការសកម្មភាពកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ គឺ «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ដែលជាដំណាក់កាលដ៏សំខាន់បំផុត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទី៣-ពិភាក្សា ដោះស្រាយបញ្ហា ប្រឈមមួយចំនួននៃក្រសួង-ស្ថាប័ន ក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏បានបង្ហាញនូវបទអន្ដរាគមន៍ ជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផងដែរ ដែលក្នុងនោះរួមមាន ទី១-សាវតារ វឌ្ឍនភាព ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទី២-សារាចររាជរដ្ឋាភិបាល លេខ ០៩ សរ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធាន និង នីតីវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទី៣-វិធីសាស្ត្រថ្លឹងទម្ងន់ និងដាក់ពិន្ទុ លើការអនុវត្តផែនការ សកម្មភាពកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងទី៤-ផែនការសកម្មភាពរួមដំណាក់កាល ទី៣ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕