(ម៉ូស្គូ)៖ ករណីស៊ើបអង្កេតមួយទៀត របស់ភ្នាក់ងារស្វែងរក សារធាតុញៀនក្នុងកីឡា WADA បានរកឃើញថា អត្តពលិករុស្ស៊ី ជាច្រើនរូប បានលួចប្រើសារធាតុ ប៉ូវកម្លាំងក្នុងការប្រកួត កីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៤ នៅទីក្រុង Sochi នេះបើយោងតាមការចេញផ្សាយ BBC នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
សារព័ត៌មានបានចេញផ្សាយថា អត្តពលិកម្ចាស់ផ្ទះរុស្ស៊ី ជាច្រើនរយនាក់ ត្រូវបានគេរកឃើញថា បានលួចប្រើសារធាតុញៀន នៅអំឡុងការប្រកួតកីឡា Winter Olympic Games 2014 តាមរយះការពិនិត្យទឹកនោម ដែលបានប្រើពេលជាង២ខែមកនេះ របស់ WADA ក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Richard McLaren។
ទន្ទឹមគ្នានោះដែរ អតីតរដ្ឋមន្រ្តីកីឡារុស្ស៊ីលោក Grigory Rodchenkov ក៏បានបញ្ជាក់ថា រូបលោកបានឯកភាពក្នុងការផ្តល់ សារធាតុប៉ូវកម្លាំងទៅឲ្យអត្តពលិករុស្ស៊ី មុនការប្រកួតផងដែរ ហើយការឃុបឃិតនេះដែរ ក៏មានការឧបត្ថម្ភពីរដ្ឋាភិបាលរុស្ស៊ី ផងដែរ។
ករណីមិនប្រក្រតីនានា តែងតែត្រូវបានរកឃើញទៅលើអត្តពលិករុស្ស៊ី ជានិច្ច ហាក់បីដូចជាជាចេតនាចង់បង្អាក់ រដ្ឋាភិបាលរុស្ស៊ី ក្នុងការបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមប្រកួតកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ខែក្រោយនេះ ដោយសារតែរុស្ស៊ីតែងតែឈ្នះ មេដាយច្រើនជាងគេ និងត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2018 ផងដែរ៕