(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយលោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ដែលផ្តោតលើបញ្ហា ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតនៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោក Torm Malinowski បានលើកឡើងពីការព្រួយបារម្ភ នូវការចាប់សកម្មជនសិទ្ធិមនុស្ស និងសមាជិកសភានៃគណបក្សប្រឆាំង ហើយបានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពង្រឹងវប្បធម៌សន្ទនាឡើងវិញ ដើម្បីរក្សានូវសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ជៀសវាងការជះឥទ្ធិថិពលអាក្រក់ដល់ប្រជាពលរដ្ឋ និងការប៉ះពាល់ដល់ ដំណើរការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ។
ឆ្លើយតបនឹងសំណើខាងលើ លោក អ៊ុច បូររិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងចង់អភិវឌ្ឍន៍ប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រជាពលរដ្ឋខ្លាំងណាស់។ ចំពោះការឃាត់ខ្លួន សមាជិកអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង កន្លងមកគឺធ្វើតាមច្បាប់ ព្រោះនោះជាអំពើល្មើសរបស់បុគ្គល មិនមែនជាការប្រព្រឹត្តរបស់គណបក្ស ឬស្ថាប័នអង្គការ ទាំងនោះទេ ដែលបុគ្គលទាំងនោះ បានប្រព្រឹត្តការខុសឆ្គងនឹងច្បាប់ ហើយវិធានការដែលរដ្ឋាភិបាលបានធ្វើ គឺអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា «ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ និងមានការគោរពសិទ្ធមនុស្ស តែការគោរពសិទ្ធិនេះ ត្រូវតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ដូច្នេះហើយទើបរាជរដ្ឋាភិបាល ចាំបាច់ត្រូវអនុវត្តច្បាប់ទប់ស្កាត់ អំពើល្មើស បើមិនដូច្នោះទេ ហេតុការណ៍នានានឹងក្លាយទៅជារឿងអាណាធិបតេយ្យ»។
ទោះជាយ៉ាងណា លោក Torm Malinowski បានបញ្ជាក់ថា អាមេរិកមិនគាំទ្រគណបក្សប្រឆាំង ដែលធ្វើខុសឆ្គងឡើយ ហើយក៏មិគាំទ្រខាងរដ្ឋាភិបាលដែរ តែអាមេរិកគ្រាន់ចង់ឱ្យគណបក្សធំៗទាំងពីរ បង្កបរិយាកាសនយោបាយឱ្យល្អប្រសើរ ជាពិសេសកំឡុងពេលមុននេះ រហូតដល់ដំណើរការបោះឆ្នោតមកដល់ ហើយត្រូវតែពង្រឹងវប្បធម៌សន្ទានឡើងវិញ ដើម្បីពិភាក្សារិះរកដំណោះស្រាយនានា កុំឱ្យមានការប៉ះពាល់ ដល់ការបោះឆ្នោត ដែលប្រកាន់នូវគោលការណ៍សេរី និងយុត្តិធម៌។
បំណងដ៏ល្អនេះត្រូវបាន លោករដ្ឋលេខាធិការ បានបញ្ជាក់ដែរថា កន្លងមក គណបក្សទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងចំនួន ២លើករួចមកហើយដែរ លើកទី១ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងលើកទី២ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ដែលមានការព្រមព្រៀងគ្នា ចរចាគ្នាដោយសន្តិវិធី ជៀសវាងការវាយប្រហារគ្នា ការប្រើប្រាស់ពាក្យអុចអាល ញុះញង់ បំបែកបំបាក់សង្គមជាតិ ភាពរើសអើងបក្សពួកនិយម តែផ្ទុយទៅវិញទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មិនបានអនុវត្តតាមការព្រមព្រៀង បែរជាទៅបង្កបញ្ហាញុះញង់ ដល់ប្រពលរដ្ឋតាមវេទិកា នានាប្រាស់ចាកការពិត៕