(អាស៊ាន)៖ ជំលោះនៃលំហសមុទ្រក្នុងតំបន់ដែលគេតែងហៅថា សមុទ្រចិនខាងត្បូងនោះ បានកំពុងញាំញីប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជាមួយប្រទេសចិន និងការលូកដៃចូលរបស់បណ្តាប្រទេសមហាអំណាចធំៗរួមទាំងជប៉ុន និងអាមេរិកផង។ ដោយឡែក ប្រទេសកម្ពុជា ទោះជាមិនមែនជាភាគីក្នុងជំលោះ តែកំពុងត្រូវបានគេសំឡឹងមើលដោយមិនដាក់ភែ្នកពីប្រទេសមួយចំនួនក្នុងន័យអវិជ្ជមាន។
តើកម្ពុជាពាក់ព័ន្ធអ្វីនឹងគេដែរ ឬជាខែ្សអំបោះមួយនៅក្នុងជំលោះ? បើក្រឡេកមើលពីភូមិសាស្រ្ត កម្ពុជាពិតជាពុំមានផែ្នកណាមួយ ត្រូវពាក់ព័ន្ធជាមួយឡើយ តែសមាហរណកម្មតំបន់ (អាស៊ាន) និងភូមិសាស្រ្តនយោបាយទៅវិញទេ ដែលជាអ្នកទាញកម្ពុជាឲ្យចូលទៅក្នុងជំលោះជាមួយនឹងគេ រហូតដល់ពេលខ្លះ ត្រូវបានគេចោទជាសំណួរថា តើកម្ពុជាចង់ដើរតួជាបងធំអាស៊ាន ក្នុងក្របខ័ណ្ឌនៃប្រទេសមិនពាក់ព័ន្ធក្នុងជំលោះ ឬជាតួរងឲ្យមហាអំណាចចិន?
ឧបមាថា បើកម្ពុជាដើរតួដូចទៅនឹងសំណួរខាងលើ តើប្រទេសណាខ្លះស្អប់ និងប្រទេសណាខ្លះស្រលាញ់កម្ពុជា? ចម្លើយប្រហែលជាមិនពិបាកយល់ពេកទេ ប្រទេសដែលមានបញ្ហាជាមួយចិនទាំងអស់មុខជាមិនសប្បាយចិត្តជាមួយកម្ពុជា ក្នុងនោះរួមទាំងប្រទេសជិតខាងនៅភាគខាងកើតយើង និងប្រទេសហ្វីលីពីន បូកជាមួយជប៉ុន និងអាមេរិក តែអ្នកដែលស្រលាញ់កម្ពុជា (ស្មោះមួយនឹងមួយ) ប្រាកដជាប្រទេសចិន។
ក្នុងបរិបទបែបនេះ តើកម្ពុជាចំណេញឬខាត? ពិតជាជៀសមិនរួចឡើយនូវគំនិត ឬមតិខែ្វងគ្នា ដែលគិតថាកម្ពុជាខាត និងកម្ពុជាចំណេញ ដោយម្នាក់ៗអាចយល់ ឬវិភាគលើជ្រុងផេ្សងៗគ្នា ឧទាហរណ៍ បើគេមើលលើប៉ូលនយោបាយការបរទេសបែបទូលាយ នោះគេអាចគិតថា បើកម្ពុជាមានទំនោរទៅរកអាមេរិក ប្រហែលជាប្រសើរជាង តែបើមើលលើជ្រុងសេដ្ឋកិច្ចវិញ គេអាចគិតថា ការទោរទន់ទៅរកចិននឹងទទួលបានផែ្លផ្កាភ្លាមៗ និងចំណេញច្រើនជាង។ ត្រង់ចំណុចនេះ យើងសាកល្បងពិនិត្យមើលលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី កាលពីចុងសបា្តហ៍កន្លងទៅបន្តិចមើល ថាតើកម្ពុជាបានផលចំណេញអ្វីដែរឬទេ?
លទ្ធផលពីកិច្ចប្រជុំកំពូលទាំងមូលហាក់ដូចជា ពុំបានបង្ហាញផលប្រយោជន៍ជាដុំកំភួនដល់ពលរដ្ឋខែ្មរឡើយ ហើយក៏ដូចជាគ្មានអ្វីទាក់ទាញឲ្យពលរដ្ឋខែ្មរ យកចិត្តទុកដាក់ខ្លាំងនោះដែរ តែគេអាចចាប់អារម្មណ៍អំពីជំនួបជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំពីរនៅក្នុងតំបន់ (ជប៉ុននិងចិន) បន្ទាប់ពីឮថាមេដឹកនាំ នៃប្រទេសទាំងពីរបានឆ្មក់យកពេលវេលាប្រជុំកំពូល មកជួបជាមួយមេដឹកនាំកម្ពុជា។
ជំនួបនេះទៅវិញទេ ដែលពលរដ្ឋខែ្មរចង់ដឹងថា កម្ពុជាបានចំណេញឬអត់ ឬនិយាយសម្រាយថា ចិននិងជប៉ុនបានជួយអ្វីបនែ្ថមទៀតដល់កម្ពុជា? សូមបញ្ជាក់ថា មុនមេដឹកនាំទាំងពីរជួបមេដឹកនាំកម្ពុជា ឧត្តមមន្រ្តីនៃប្រទេសទាំងពីរបានឡើងលើសង្វៀនប្រដាល់អស់ពីរថៃ្ងកន្លះ លើបញ្ហាជំលោះសមុទ្រចិនខាងត្បូង តាមរយៈពាក្យសំដីវាយប្រហារ ដៀមដាមដាក់គ្នាទៅវិញទៅមកទំរាំដកថយមកសម្របសម្រួលគ្នាវិញ។
នៅក្នុងជំនួបទេ្វភាគីជាមួយនាយករដ្ឋមន្រ្តីកម្ពុជា ជិតមួយម៉ោង នៅថៃ្ងទី១៥ កក្កដា នៅទីក្រុង អ៊ូឡាន បាតា (ឈ្មោះទីក្រុង ដែលប្រែមកថា «វីរបុរសសម្បុរក្រហម») ក្នុងប្រទេសម៉ុងហ្គោលី លោក លី ឃឺឈាង នាយករដ្ឋមន្រ្តីចិន បានសន្យាផ្តល់ជំនួយឥតសំណងមួយកញ្ចប់ធំ ដល់កម្ពុជានូវទឹកប្រាក់ជិត៦០០លានដុល្លា សម្រាប់រយៈពេលបីឆ្នាំ (២០១៦-២០១៩) ឬក្នុង១ឆ្នាំចំនួនជិត ២០០លានដុល្លារ ល្មមដល់ពេលបោះឆ្នោត។ ជំនួយនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ជាការតបស្នងភ្លាមៗដល់មេដឹកនាំកម្ពុជា ដែលបានប្រកាសនិងប្រកាន់ជំហរយ៉ាងច្បាស់បែបហុចដាវឲ្យចិន ជាងភាគីជំលោះផេ្សងទៀត លើបញ្ហាចម្រូងចម្រាស់សមុទ្រចិនខាងត្បូង ។
ចំណែកឯជំនួបទេ្វភាគីនៅថៃ្ងបន្ទាប់រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និង សមេ្តច ហ៊ុន សែន លោក អាបេ ហាក់ដូចជាដើរតួកាចផង កំសត់ផង និងតួចិត្តល្អផងក្នុងពេលតែមួយ។ លោក អាបេ បានដើរតួកាចមួយភែ្លតត្រង់ចំណុចដែលលោក គូសបញ្ជាក់លើជំហរឥតងាករេរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនលើបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូង ដែលជប៉ុនត្រូវតតាំងខ្លះជាមួយចិន ព្រោះខ្លាចបញ្ហាស្រដៀងគ្នានេះ រាលដាលដល់សមុទ្រចិនខាងកើត ដែលពេលនោះវាអាចជាគ្រោះអាសន្នធំសម្រាប់ជប៉ុន។ ចប់ត្រង់ចំណុចនេះ លោក ស៊ីនហ្សូ អាបេ ចាប់ផ្តើមដើរតួកំសត់វិញម្តង ដោយសូមឲ្យកម្ពុជាយោគយល់ (ឬនិយាយមួយបែប សូមឲ្យកម្ពុជាជួយផង) ហើយក៏ភ្ជាប់ជាមួយនឹងវគ្គតួចិត្តល្អដោយសន្យាថា នឹងបន្តរក្សានូវជំនួយដល់កម្ពុជាគ្រប់រូបភាព ដោយឥតកែប្រែ ឬកាត់បន្ថយឡើយ ហើយក៏ថែមទាំងសន្យាជួយជំរុញអ្នក វិនិយោគនិងទេសចរជប៉ុនមកកាន់ ប្រទេសកម្ពុជាបនែ្ថមទៀតដើម្បីជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលអាកាសចរជប៉ុន នឹងត្រូវហោះហើរត្រង់លើកដំបូងមកកាន់ស្រុកខែ្មរនៅខែកញ្ញាខាងមុខនេះ ។
វគ្គ ជួបឪ អញ្ជើញកូន !!! ខណៈពេលដែលខ្លួនកំពុងជួបជាមួយឪ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស៊ីនហ្សូ អេបេ បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងបង្អស់របស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ការអញ្ជើញបែបនេះនាំឲ្យមានចម្ងល់បែបការទូត។ ទន្ទឹមនឹងចម្ងល់ ក៏មានការសន្និដ្ឋានថា ជប៉ុនអាចមានទស្សនវិស័យមួយ ប្រហែលជាចង់ដណ្តើមខែ្សចំណងមិត្តភាពឲ្យបានមុនចិនវិញម្តង ក្នុងបរិបទទំនាក់ទំនងជាមួយឥស្សរជនខែ្មរ ដែលមានសក្តានុពលដឹកនាំទៅថៃ្ងអនាគត បន្ទាប់ពីតួអង្គសំខាន់ពីរ គឺអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និង នាយករដ្ឋមន្រ្តី ហ៊ុន សែន។
វិលមកមើលរឿងជំលោះក្នុងសមុទ្រចិនខាងត្បូងវិញ ប្រហែលជាមានកត្តាមួយចំនួន ដែលតម្រូវឲ្យកម្ពុជាត្រូវឈរជើងលើខែ្សទឹកតែមួយជាមួយចិន៖
ទី១៖ កត្តាប្រវត្តិសាស្រ្តដែលសមេ្តច ហ៊ុន សែន ត្រូវបន្តដើរតាមស្នាមចាស់របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក្នុងទំនាក់ទំនង «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ជាមួយនឹងចិន។
ទី២៖ កត្តានយោបាយ គឺភាពរសើបរបស់ពលរដ្ឋខែ្មរជាមួយប្រទេសជិតខាង ដែលតម្រូវឲ្យគណបក្សកាន់អំណាចត្រូវដកឃ្លាចេញពីសម្ព័ន្ធមិត្តចាស់មួយនេះ ហើយប្តូរទៅរកបងែ្អករឹងមាំ និងខ្លាំងជាង ទោះនៅឆ្ងាយ តែអាចជួយបានស្ទើរគ្រប់កាលៈទេសៈ។
ទី៣៖ កត្តាសេដ្ឋកិច្ច ដែលទទួលបានផលភ្លាមៗនៅចំពោះមុខនិងមានទំហំធំ និង កត្តាទី៤ ជាការបង្ហាញនូវបទពិសោធន៍ឈឺចាប់របស់កម្ពុជា នៅក្នុងសាច់រឿងជំលោះព្រំដែនជាមួយប្រទេសថៃកន្លងមក ដែលកម្ពុជាត្រូវរែកពន់ម្នាក់ឯងតទល់ជាមួយនឹងថៃ។ ត្រង់ចំណុចនេះ វាជាវគ្គ «ហាស្លាក់ ខ្ជាក់សែ្លង» ពោលគឺកម្ពុជាឈឺចាប់ច្រើនណាស់ទៅហើយ នៅពេលរំលឹកដល់ដែនគោកនិងដែនកោះ ដែលកម្ពុជារងសម្ពាធពីប្រទេសធំ។ ដូចនេះ ជំហររបស់កម្ពុជាបានបង្ហាញរួចទៅហើយថា «កម្មពៀរ វេលាឆ្លង»។
ទោះជាការទាញហេតុផលខាងលើអាចត្រូវខ្លះ និងខុសខ្លះ តាមការសន្និដ្ឋាន ជម្រើសទីតាំងឈរជើងរបស់កម្ពុជា ដូចជាចំលើតារាវិថី «លាភ ឬ សំណាង» បន្ទាប់ពីមានការប្រែប្រួលនយោបាយ និងសន្តិសុខនៅក្នុងប្រទេសមួយចំនួន និងក្នុងពិភពលោកទាំងមូល ដែលបានធ្វើឲ្យប្រទេសមួយចំនួន ចាប់ផ្តើមបែរមករកភាពល្អប្រសើរជាមួយចិនវិញ រួមទាំងម្ចាស់ជម្លោះធំ ហ្វីលីពីន ផង។ យ៉ាងណាក៏ដោយចុះ បើសិនជាចិននៅតែបង្ហាញសាច់ដុំ និងបន្តនូវសកម្មភាពបែបវាតទីដូចសព្វថៃ្ង វាក៏ជាបច្ច័យមិនល្អសម្រាប់តំបន់ទាំងមូលផងដែរ។
អត្ថបទនេះគ្រាន់តែជាជ្រុងព័ត៌មានមួយរបស់អ្នកសរសេរ ហើយមិនឆ្លុះបញ្ចាំងនូវមតិ ឬទស្សនៈរបស់អ្នកដឹកនាំ ឬពលរដ្ឋកម្ពុជាឡើយ។
ដោយ ពុយ គា ពីទីក្រុង អ៊ូឡាន បាតា រដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី ដែលជាប់ចំណាត់ថ្នាក់ជារដ្ឋធានី ត្រជាក់ជាងគេលើលោក រហូតដល់ដក ៥០ អង្សាសេ (-50 oC) នៅរដូវរងារ។