(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរិះគន់បស្ចិមប្រទេសចំពោះការមិនទទួលយកការពន្យល់ជាបន្តបន្ទាប់របស់កម្ពុជា អំពីមូលដ្ឋានកងទ័ពជើងទឹករាម ដោយពួកគេនៅតែបន្តចោទអំពីវត្តមានកងទ័ពចិន នៅកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋាននេះ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ពួកគេនៅតែធ្វើមិនយល់ចំពោះការពន្យល់របស់កម្ពុជាទៀតនោះ នោះកម្ពុជាក៏នឹងមិនយល់ចំពោះការពន្យល់របស់ពួកគេ លើរឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែនោះឡើយ។
ថ្លែងក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ម្ង៉ៃៗ និយាយតែពីរឿងរាម ខ្ញុំបាននិយាយហើយថា រាមនៅលើគោក ប៉ុន្តែអ្វីដែលលំបាកនោះ គឺអានៅក្រោមទឹកនេះជានុយក្លេអ៊ែឬអត់? ខ្ញុំនិយាយ៣ដងក្នុងអាស៊ាន រឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ខ្ញុំថានេះជាចំណុចចាប់ផ្តើម បើមិនគ្រោះថ្នាក់ដល់អាស៊ានទេ ក៏វាជាចំណុចចាប់ផ្តើម នៃការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «កម្ពុជា នៅលើគោកសោះពន្យល់មិនព្រមយល់ បើអញ្ចឹងកម្ពុជាក៏មានសិទ្ធិមិនយល់ នូវការពន្យល់របស់អ្នកទាំងឡាយផងដែរ»។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានបង្កើតសម្ព័ន្ធ AUKUS កាលពីឆ្នាំ២០២១ ដោយអាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចិន រិះគន់ថា អាចជាអាចនឹងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធ ខណៈប្រទេសមួយចំនួន ក្នុងនោះក៏មានដែរនៅអាស៊ាន បង្ហាញពីការព្រួយបារម្ភដោយខា្លចមានការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ។
ទន្ទឹមគ្នានឹងការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែឱ្យអូស្រ្តាលី សហរដ្ឋអាមេរិក ក៏បាន និងត្រៀមបញ្ជូននាវាមុជទឹករបស់ខ្លួន ទៅកាន់តំបន់ផ្សេងទៀតផងដែរ៕