(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានសម្តែងការជឿជាក់ថា សហភាពអឺរ៉ុប (EU) មិនកាត់ជំនួយ និងបិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជា តាមសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនោះឡើយ។ លោក អ៊ុច បូររិទ្ធ បានហៅសំណើរបស់លោក សម រង្ស៊ី ទៅកាន់សហភាពអឺរ៉ុបថា ជាអំពើឆោតល្ងង់ ដែលមិនគួរធ្វើជាអ្នកនយោបាយខ្មែរ។
លោក អ៊ុច បូររិទ្ធ បានថ្លែងដូច្នេះ បន្ទាប់ពីរូបលោកបានជួបពិភាក្សាការងារជាមួយ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការ បរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ បានលើកឡើងថា «លោក សម រង្ស៊ី មិនគួរពាក់ស្លាកជាអ្នកនយោបាយកម្ពុជា ព្រោះអំពើខ្លួន (លោក សម រង្ស៊ី) ធ្វើនេះជាអំពើមួយប៉ះពាល់ផលប្រយោជន៍ជាតិរបស់យើង ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនយើង។ បើ EU ឈប់ទទួលផលិតផលរបស់កម្ពុជា បងប្អូន ក្មួយៗ ពលករ ពលការិនីរាប់សិបម៉ឺនអ្នកអត់ការងារធ្វើ។ លោក សម រង្ស៊ី មានដឹងទេថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហានេះ»។
លោក អ៊ុច បូររិទ្ធ បានឲ្យដឹងដែរថា អ្វីដែលលោក សម រង្ស៊ី ធ្វើនាពេលនេះមិនមែនជារឿងថ្មីនោះឡើយ គឺលោកធ្លាប់បានធ្វើតាំងពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ តែមិនដែលទទួលបានជោគជ័យនោះឡើយ។ បើតាមលោក អ៊ុច បូររិទ្ធ សហភាពអឺរ៉ុប មិនមែនស្តាប់តែលើរបាយការណ៍លោក សម រង្ស៊ី ដោយមិនវាយតម្លៃ លើស្ថានការណ៍ពិតរបស់ប្រទេសកម្ពុជានោះឡើយ។
លោក អ៊ុច បូររិទ្ធ បញ្ជាក់ទៀតថា បើតាមពិសោធន៍ដែលរូបលោកធ្លាប់បានធ្វើការងារជាមួយសហភាពអឺរ៉ុប គឺគេធ្វើការថ្លឹងថ្លែងច្បាស់ លាស់មិននឹងសម្រេចអ្វីមួយ ហើយបញ្ហាសិទ្ធិមនុស្សមិនមែនមានតែនៅកម្ពុជានោះឡើយ នៅប្រទេសណា ក៏មានហើយប្រទេសខ្លះអន់ ជាងប្រទេសកម្ពុជាថែមទៀតផង។
លោកបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿថា EU គេមិនល្ងង់តាមអ្វីដែល សម រង្ស៊ី បានអំពាវនាវឡើយ។ អ្វីដែល សម រង្ស៊ី លើកឡើងគ្រាន់តែជា សំនៀងមួយ ដែលច្រៀងតាំងពីយូរហើយតាំងពីឆ្នាំ៩០ប្លាយមកម្ល៉េះ តែទីបំផុតប្រទេសទាំងនោះមិនឈឺក្បាលជាមួយ សម រង្ស៊ី ហើយ EU ក៏មិនជឿសម រង្ស៊ី ដែរ»។
នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពីបញ្ហាជំនួយ មកកាន់កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជា ធ្វើជាគំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ។
ប្រមុខបក្សប្រឆាំងបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។ ការអំពាវនាវរបស់លោក សម រង្ស៊ី បិទទីផ្សារសម្លៀកបំពាក់កម្ពុជានេះ ក៏នាំឲ្យសហជីពធំនៅកម្ពុជា សម្តែងការខកចិត្ត និងសោកស្តាយផងដែរ៕