(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៉ី ជិនពីង គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក ពិសេសបណ្ដាប្រទេសសមាជិកអាស៊ាន ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា អ្វីដែលប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យមើលនយោបាយរបស់ចិន គ្មានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណានោះទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិនក៏ប៉ុន្តែចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសនោះទេ ដូច្នេះបានជាគោលនយោបាយខ្សែក្រវាត់ និងផ្លូវចេះតែរីក»

ជាក់ស្ដែងកិច្ចព្រមព្រៀងអាស៊ាន-ចិនផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្ដាប្រទេសអាស៊ាន ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើន ជាងចិននាំចូលមកក្នុងបណ្ដាប្រទេសអាស៊ានទៅទៀត។ នេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលបានផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអាស៊ានដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ត្រូវបានចូលជាធរមានហើយនោះ ក៏ជាចំណែកកិច្ចសហប្រតិបត្តិការដែលមានបណ្ដាប្រទេសអាស៊ានទាំង១០ បូកចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់។

ការបង្កើតធនាគារវិនិយោគអាស៊ី ក៏ជាគំនិតផ្ដួចផ្ដើមរបស់ចិន ហើយកម្ពុជាក៏ជាសហស្ថាបនិកនៃធនាគារនេះដែរ។ នេះជាផ្នែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងការអភិវឌ្ឍសកលរបស់មហាអំណាចចិន៕