(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំដល់រដ្ឋលេខាធិការ និងមន្ត្រីដែលអញ្ជើញជាតំណាងក្រសួង ប្រសិនបើមិនដឹងរឿងដែលជាសមត្ថកិច្ចរបស់ក្រសួងខ្លួនទេ មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរបស់រដ្ឋ។

ការផ្តាំផ្ញើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានហៅមន្ត្រី និងរដ្ឋលេខាធិការដែលបានអញ្ជើញចូលរួមជាតំណាងរដ្ឋមន្ត្រី មកសួរនាំជុំវិញការងាររបស់ក្រសួងដែលខ្លួនកំពុងបំពេញការងារ ប៉ុន្តែ បែរជាពួកគាត់មិនអាចក្តាប់បាននូវព័ត៌មានរបស់ក្រសួួងទៅវិញ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតភាពប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយមានរដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឱ្យមកជាតំណាង ត្រូវក្តាប់ឱ្យជាប់អ្វីដែលជាការងាររបស់ខ្លួន តាហៅសួរអត់ដឹងម៉ងអីមិនបាច់ទេ នាំខាតសាំងអស់លុយរដ្ឋ ព្រោះមិនមែនជិះឡានចាក់សាំងខ្លួនឯងទេ សាំងរបស់រដ្ឋ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើក្តាប់ការងាររបស់ក្រសួងខ្លួនមិនបាន កុំបាច់អញ្ជើញមកចូលរួម ដែនាំឱ្យចង្អៀតកន្លែងសម្រាប់អ្នកដែលមានភារកិច្ច។ ដូច្នេះសម្រាប់មន្ត្រីដែលថ្នាក់ដឹកនាំក្រសួងចាត់ឱ្យមកចូលរួមសម្រាប់កម្មវិធីនានា ត្រូវក្តាប់ឱ្យជាប់នូវការងារក្រសួងរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កាលណារដ្ឋលេខាធិការដែលជាតំណាងក្រសួងបានអញ្ជើញចូលរួមក្នុងកម្មវិធីនានា ប៉ុន្តែ នៅពេលដែលនាយករដ្ឋមន្ត្រីហៅមកសួរនាំបែរជាមិនដឹងការងាររបស់ក្រសួងខ្លួនទេ នោះពិតជាលំបាកណាដែលធ្វើឱ្យខាតបង់ពេលវេលា និងថ្លៃចំណាយផ្សេងៗជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មុននេះសម្តេចបានហៅសួរទៅមន្ត្រី ព្រមទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចំពោះការងាររបស់ក្រសួងខ្លួន ប៉ុន្តែ បែរជាមិនអាចក្តាប់នូវព័ត៌មាន និងការងារដែលក្រសួងខ្លួនត្រូវបានអនុវត្តន៍ទៅវិញ។

«មិញហ្នឹងហៅសួរប៉ុន្មាននាក់រាប់ទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអត់ក្តាប់បានទេ (ការងារក្រសួងខ្លួន) អីឡូវសួរមើលថាចំនួនមនុស្សដែលទទួលផលបានប៉ុន្មានហើយវាអត់ដឹង ថ្ងៃក្រោយបើមិនដឹងរឿងកុំមកប្រយ័ត្នតែនាយករដ្ឋមន្ត្រីហៅសួរ មិនដឹងរឿងអី»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំថាសូមកុំអញ្ជើញមកចូលរួមឱ្យតែមានមុខ ប៉ុន្តែ ត្រូវដឹងច្បាស់ពីកិច្ចការងាររបស់ក្រសួង ស្ថាប័នខ្លួន នៅពេលដែលនាយករដ្ឋមន្ត្រីហៅសួរនាំ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសជាងឆ្លើយថាមិនដឹងទៅវិញ៕