(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងនាំយកផ្លែឈើ គ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកា៥លានរៀល ផ្តល់ជូនលោកតា ព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) អាយុ ៩១ឆ្នាំ ជាគ្រូសិល្បៈផ្នែកល្ខោនខោល បច្ចុប្បន្នរស់នៅជាមួយប្រពន្ធ និងកូនប្រុសម្នាក់អាយុ១៨ឆ្នាំ នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ ចំពោះចាស់ៗព្រឹទ្ធាចារ្យសិល្បៈ និងកោតសរសើរ ចំពោះលោកតាព្រឹទ្ធាចារ្យ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ចំណេះដឹងសិល្បៈ ផ្នែនល្ខោនខោល ជូនដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ជាពិសេស ល្ខោនខោលខ្មែរ កំពុងមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ក្នុងការស្នើសុំបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា លោកតាព្រឹទ្ធាចារ្យ យិត សារិន មានឯកទេសសំដែងតួ “ស្វា” ធ្លាប់រាំសំដែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ហើយក៏ជាអតីតគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោលនៅក្នុងព្រះបរមរាជវាំង និងសាលាមធ្យមវិចិត្រសិល្បៈ ផងដែរ៕