(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកអះអាងថា ករណីដែលគេបង្ហោះចែកចាយពេញបណ្ដាញសង្គម រឿងចាប់ក្មេងវះយកក្រលៀន ឬករណីចាប់ក្មេងផ្សេងៗនោះ គឺជារឿងប្រឌិត ក្នុងចេតនាបំពុលសង្គមប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានគេចែកចាយនោះ មន្ដ្រីជំនាញបានបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងឈានដល់ការកំណត់បានថា ព័ត៌មានទាំងអស់នោះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់។

តាមរយៈ Facebook នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖

«នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ អនុរក្ស, កាមទេពលឹមហុង និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន។

បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ»៕