(សៀមរាប)៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលមួយចំនួនក្នុងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអំពាវនាវឲ្យពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបន្តថា ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧ មករា ១៩៧៩ និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចឃើញជាក់ស្តែងទាំងអស់គ្នា ក្នុងនោះវិស័យព្រះពុទ្ឋសាសនា ក៏មានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
លោកឧកញ៉ាបានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងសម្រាប់បន្តការអភិវឌ្ឍ ក្នុងមូលដ្ឋានជាបន្តទៀត ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ កុំឲ្យបាត់បង់នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។
លោកឧកញ៉ាបានចាត់ទុកសមិទ្ធផលថ្មីៗមានដូចជាក្លោងទ្វា ការកែលំអសួនច្បារក្នុងវត្ត ថា ជាជំហានរីកចម្រើនថ្មីមួយថែមទៀត សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ឋសាសនា។ ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកព្រះពុទ្ធសាសនា គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយកត្តាសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើន រួមជាមួយនឹងគោលនយោបាយ និងយុទ្ឋសាស្ត្រប្រកបដោយភាពស័ក្តិសិទ្ឋ ជាក់ស្តែង ប្រាកដនិយម និងម៉ឺងម៉ាត់ បានធ្វើឲ្យតំបន់ជនបទ មានការអភិវឌ្ឍន៍និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ លោកឧកញ៉ាបានប្រគេនព្រះចៅអធិការវត្តចំនួន ១០លានរៀល និងជូនដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចូលរួមក្នុងពិធីអស់ថវិកាចំនួន ៦លានរៀលទៀត សរុបថវិកាចំនួន១៦លានរៀល។
ក្នុងរបាយការណ៍ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងថា៖ សមិទ្ឋផលថ្មីបន្ថែមនេះ ចាប់ផ្តើមកសាងនិងជួសជុលកែលំអពីដើមឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣ ចំណាយថវិកាសរុបចំនួន ៤៤ពាន់ដុល្លារអាមេរិក មានដូចជាក្លោងទ្វារ រៀបចំសួនច្បារ ក្រាលថ្មម៉ាបក្នុងវត្ត ដែលថវិកាទាំងនេះបានពីការសាមគ្គី ចូលរួមគាំទ្រ បរិច្ចាគរបស់សប្បុរសជនជិតឆ្ងាយ និងញាតិញោមចំណុះជើងវត្ត៕