(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការពាក់ព័ន្ធក្រោមឱវាទ ចូលរួមបើកវិញ្ញាសាប្រឡង ជ្រើសរើសមន្ត្រីបម្រើការងារនៅរដ្ឋបាលខេត្ត និងក្រុងបូកគោ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ដែលខ្លួនបានរៀនចេះចាំឲ្យបានល្អប្រសើរ ព្រោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងជាប់។ លោកអភិបាលខេត្ត បានអះអាងថា ការប្រឡងនេះមានភាពសុក្រឹតណាស់ គឺធ្វើយ៉ាងណាដើម្បីជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មកបម្រើការងារជូនប្រជាពលរដ្ឋ ពោលបេក្ខជនប្រឡង «អ្នកចេះ គឺជាប់»។
គួរជម្រាបថា រដ្ឋបាលខេត្តកំពត បានរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិត ដើម្បីឲ្យបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត និងរដ្ឋបាលក្រុងបូកគោ ចំនួន១៤នាក់ ក្នុងនោះមានមន្ត្រីក្របខ័ណ្ឌ «ក» ២នាក់ ដើម្បីបម្រើការងារនៅរដ្ឋបាលខេត្តកំពត និងក្របខ័ណ្ឌ «ក» ៥នាក់ «ខ» ៤នាក់ និង «គ» ៣នាក់ ដើម្បីមប្រើការងារនៅរដ្ឋបាលក្រុងបូកគោ។ សរុបបេក្ខជនមកប្រឡងចំនួន៤៤៤នាក់ ស្រី២៧៧នាក់។
ការប្រឡងមានរយៈពេលពីរម៉ោង ចាប់ពីម៉ោង៧កន្លះ ដល់៩កន្លះ ក្រោមការយាមកាមពីកម្លាំងសមត្ថកិច្ចមច្រុះ និងការត្រួតពិនិត្យ ពីមន្ត្រីគណៈកម្មការរៀបចំការប្រឡងខេត្តកំពត ដើម្បីធានាថាការប្រឡងប្រកបដោយតម្លាភាព និងគ្មានការលាក់លួចមើលប្រ៊ីយ៉ុងនោះទេ៕