(កំពត)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយ សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត រៀបចំបណ្តុះបណ្តាលបង្កើនសមត្ថភាពពីបញ្ហាគ្រឿងញៀន ដល់សមាជិកសកម្មដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍។
ក្នុងនាមលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគម និងលោកស្រី ហ៊ុន ចន្ធី ប្រធានក្រុមប្រឹក្សាសាខាខេត្ត នាឱកាសនោះលោកស្រី គង់ ទិត្យធីតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានបញ្ជាក់ពីសកម្មភាពចូលរួមការងារស្របតាមគោលមាគ៌ាអប់រំកុមារី លើកកម្ពស់សមត្ថភាពយុវតី រស់មានសីលធម៌ សមភាពសង្គម សេរីភាព សន្តិភាព សេចក្តីថ្លៃថ្នូរ រក្សាវប្បធម៌អត្តសញ្ញាណជាតិជាធំទទួលខុសត្រូវចំពោះខ្លួន និងសង្គម ស្ម័គ្របម្រើជាតិ សាសនាព្រះមហាក្សត្រ។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានអនុញ្ញាត ឲ្យមានការបណ្តុះបណ្តាលនេះ។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលពីបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងសកលលោកក្រុមឧក្រិដ្ឋជន នៅតែបន្តប្រើប្រាស់គ្រប់ល្បិចកលគ្រប់រូបភាព ដែលតម្រូវឲ្យយើងទាំងអស់គ្នា ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានព្រមគ្នា លើគ្រប់វិស័យសំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាពប្រជាពលរដ្ឋ សុវត្ថិភាពសំដៅឈានទៅកាត់បន្ថយអ្នកប្រើប្រាស់ និងលុបបំបាត់ភាពប្រឈមនានា ដូចសមាគមកាយឬទ្ធិនារីកម្ពុជាបានចូលរួមកន្លងមក។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត គូសបញ្ជាក់ថា តាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា៖ ក្នុងចំណោមអ្នកប្រើ និងអ្នកញៀនគ្រឿងញៀន កំពុងស្នាក់នៅព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលចំនួន៤,៥៥០នាក់ មានអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ មានចំនួន១,៤៩៤នាក់ ហើយនៅខេត្តកំពត មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀន តាមសហគមន៍ចំនួន១៤កន្លែង មានមន្ទីរពេទ្យបង្អែកចំនួន៦៖ ខេត្តកំពត, អង្គជ័យ, កោះស្លា, ឈូក, កំពងត្រាច និងមណ្ឌលសុខភាពចំនួន៨៖ កំពង់កណ្តាល, ត្រេីយកោះ, កោះតូច,តានី,ចំប៉ី, ត្រពាំងរាំង, ដងទង់, ទូកមាស និងព្យាបាលនៅមជ្ឈមណ្ឌលចំនួន១កន្លែង។
ក្នុងឱកាសនោះ លោកស្រី គង់ ទិត្យធីតា បានចែកជូនសៀវភៅរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលមានចំណងជើង «កូនប្រុសច្បងដ៏មានឥទ្ធិពល» ដល់សមាជិក សមាជិកា ចូលរួមផងដែរ៕