(ភ្នំពេញ)៖ តាមធម៌វិន័យព្រះពុទ្ធ មនុស្សលោកកាលណាតែគ្នាស្លាប់ទៅហើយ គឺរួចទុក្ខ ផុតកម្ម សូម្បីតែអ្នកនៅរស់ក៏មិនបន្តចងអាឃាតជាមួយមនុស្ស ដែលស្លាប់ទៅហើយនោះតទៅទៀតដែរ ទាំងបាប ទាំងបុណ្យ ទាំងបំណុលនិយាយរួមអ្វីៗ ដែលមនុស្សនៅរស់មានជាប់ជំពាក់វាក់វិនជាមួយសព គឺច្បាស់ជាគេនាំគ្នាអហោសកម្មលែងនឹកនាទាររកតទៅទៀតហើយ។
យ៉ាងណាមិញបច្ចុប្បន្ននេះអ្វីៗវាបានប្រែប្រួលអស់ ព្រោះតែមហិច្ឆតានយោបាយ និងលាភសក្ការៈរបស់មនុស្ស លែងនាំគ្នាគិតពីបុណ្យបាប គុណ និងទោសអស់ ធ្វើម៉េចឲ្យតែមហិច្ឆតាដែលខ្លួនប៉ងទទួលបានជោគជ័យ និងទទួលបានផលប្រយោជន៏ ទោះអ្នកណារងទុក្ខ អ្នកណារងកម្ម អ្នករងគ្រោះ ក៏ដោយដែលគេចាត់ទុកថា អ្នកទាំងអស់នោះមានសារជាតិ មានចរិតប្រឆាំងដែលគេមិនអាចកែបានឡើយ។
កាលពីខែឧសភា ឆ្នាំ១៩៩៦ ខណៈដែលលោក ធន់ ប៊ុនលី ចាងហ្វាងកាសែតឧត្តមគតិខ្មែរ និងជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សជាតិខ្មែរ ដែលមានលោក សម រង្ស៊ី ជាប្រធានត្រូវឃាតកមិនស្គាល់មុខបាញ់សំលាប់ កាលនោះបើគេចាំមិនភ្លេចទេ។ សាកសពលោក ធន់ ប៊ុនលី ត្រូវបានគណបក្ស ជាតិខ្មែរ យកធ្វើអាជីវកម្មដង្ហែពេញដងផ្លូវរហូតដល់របូតជ្រុះសាកសព នៅក្បែរវិមានឯករាជទៀតក៏សាច់ញាតិ នៃសពមិនអាចគ្រប់គ្រង និងបំពេញបំណងរបស់ខ្លួនក្នុងការធ្វើបុណ្យដង្ហែសព យកទៅបូជាដើម្បីឲ្យវិញ្ញាណជនរងគ្រោះស្ងប់អារម្មណ៏បានដែរ។
កាលណោះបើគេចាំមិនភ្លេចទេ ខណៈរថយន្តដង្ហែសព ត្រូវបានសកម្មជនគណបក្សជាតិខ្មែរ ហែរមកដល់ក្រោយវាំង ហើយត្រូវបានសមត្ថកិច្ចធ្វើការ រារាំងមិនឲ្យបន្តហែរឆ្ពោះទៅមុខរដ្ឋសភាជាតិ ដែលគេដឹងថា ជាចេតនាមួយក្នុងការតម្កល់សពនៅមុខសភា ដើម្បីឆ្លៀតឱកាសកេងយកចំណេញនយោបាយនោះ ស្រាប់តែក្រុមសកម្មជនមិនបានគោរពដល់សព និងសាច់ញាតិរបស់សពឡើយ គឺពួកគេគិតយ៉ាងណាធ្វើឲ្យតែមហិច្ឆតានយោបាយ របស់ពួកគេបានចំណេញ ដោយចុងក្រោយពួកគេព្យាយាមលីមឈូស លីសាកសពបន្តធ្វើដំណើរទៅមុខ ទោះបីជាមានការអង្វរករពីសាច់ញាតិឲ្យបញ្ឈប់សកម្មភាព ដើម្បីបានយកសពទៅបូជាទាន់ពេលវេលា និង ដើម្បីឲ្យវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពដោយស្ងប់ ក៏ក្រុមសកម្មជនទាំងអស់នោះមិនព្រមធ្វើតាមបំណងរបស់សាច់ញាតិដែរ។
ឥឡូវជាង២០ឆ្នាំក្រោយមក ព្រឹត្តិការណ៍ក្នុងចេតនាយកសាកសពជនរងគ្រោះទៅធ្វើអាជីវកម្ម ទាញយកផលចំណេញផ្នែកនយោបាយ និងលាភសក្ការៈផ្ទាល់ខ្លួន និងបក្ខពួក បានលេចចេញជារូបរាងទៀតហើយ តែសក្ខីកម្មពេលនេះ វាខុសពីសក្ខីកម្មកាលពីជាង២០ឆ្នាំមុន។
ការយកសពលោក ធន់ ប៊ុនលី ទៅដង្ហែធ្វើអាជីវកម្មទាញយកផលចំណេញនយោបាយកាលពីជាង២០ឆ្នាំមុន បើទោះបីសាច់ញាតិ មានការឯកភាពខ្លះ និងមិនឯកភាពខ្លះក៏វាមិនសូវជាទើសភ្នែកប៉ុន្មាននោះដែរ ព្រោះតែ លោក ធន់ ប៊ុនលី មុនឃាតកបាញ់សំលាប់គឺជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំងស្រាប់។
ប៉ុន្តែករណីសពលោក កែម ឡី នៅពេលនេះវាមិនដូចករណីសពលោក ធន់ ប៊ុនលី នោះទេ លោក កែម ឡី ត្រូវបានគេដឹងថា មុនឃាតកបាញ់សំលាប់ លោកមិនមែនជាមន្ត្រីជាន់ខ្ពស់ ឬក៏ជាសមាជិករបស់គណបក្សសង្គ្រោះជាតិនោះឡើយ តាមពិតលោកគឺជាស្ថាបនិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រមូលផ្ដុំទៅដោយក្រុមបណ្ឌិតមកពីសង្គមស៊ីវិលខ្លះ មកពីគណបក្សប្រឆាំងខ្លះ និងមកពីក្រុមអ្នករកស៊ីខ្លះដោយក្រុម និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ថ្វីត្បិតគេដឹងថា មាននិន្នាការប្រឆាំងដែល តែជាក្រុមប្រឆាំងបែកចេញពីក្រុមប្រឆាំងតែប៉ុណ្ណោះ មានន័យថា ក្រុមប្រឆាំងមួយចូលមិនចុះ ជាមួយក្រុមប្រឆាំងមួយទៀត។
ដូចនេះក្រុមប្រឆាំងរបស់ក្រុមលោក កែម ឡី លោក យ៉េង វីរៈ លោក សាម ស៊ុនឌឿន យ៉ង់ សាំងកុមារ មិនស៊ីសង្វាក់គ្នាជាមួយនឹងក្រុមប្រឆាំង របស់លោកសម រង្ស៊ី កឹម សុខា នោះទេ។
ចុះបើក្រុមប្រឆាំងទាំងពីរនេះមិនត្រូវគ្នា ចុះហេតុអ្វីក៏ក្រុមប្រឆាំងរបស់លោក សម រង្ស៊ី លោកកឹម សុខា ទៅដណ្ដើមគ្រប់គ្រងចាត់ចែង (កាង) លើដំណើរការ បុណ្យសពរបស់លោក កែម ឡី បែបនេះទៅវិញ? ចុះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហេតុអ្វីក៏មិនប្រគល់សិទ្ធិឲ្យគ្នាគ្រប់គ្រងចាត់ចែងក្នុងនាមលោក កែម ឡី ជាស្ថាបនិកគណបក្សនេះផងទៅ! នេះគេនៅមិនទាន់គិតពីការរំលោភសិទ្ធិលើសាច់ញាតិ ដែលរួមមានម្ដាយបង្កើត និងបងប្អូនបង្កើត របស់សពផងនោះទេ។ នៅទីតម្កល់ធ្វើបុណ្យ សាច់ញាតិនៃសពគ្មានសិទ្ធិចាត់ចែង និងសំរេចឡើយ វាបែរជាលេចមុខក្រុមប្រឆាំង មាននិន្នាការគាំទ្រលោក សម រង្ស៊ី លោក កឹម សុខា ជាអ្នកមានសិទ្ធិសំរេចជ្រកក្រោមស្លាក គណៈកម្មការរៀបចំបុណ្យសពទៅវិញ សូម្បីអ្នកខ្លះដែលមានសមានចិត្ត ហើយចង់ទៅគោរពវិញ្ញាណក្ខន្ធសព ក៏មិនហ៊ានទៅចូលរួមដែរ ព្រោះតែខ្លាចក្រុមជើងកាងសពមិនឲ្យចូល ហេងស៊យអាចបែកក្បាលទៀត។
ចូរកុំព្រោះតែមហិច្ឆតាកេងចំណេញនយោបាយ និងលាភសក្ការៈ បែរជានាំគ្នា «ប្លន់យកសាកសព» ដែលគ្មានវិញ្ញាណទៅធ្វើជាសមិទ្ធផលរបស់ខ្លួនអី បើតាមធម៌ព្រះពុទ្ធ ព្រះប្រោសមិនរួចនោះទេ៕