(អង់ការ៉ា)៖ សារព័ត៌មានរដ្ឋតួកគី បានចេញផ្សាយថា ក្រសួងមហាផ្ទៃបានសម្រេចដកមន្ត្រីជិត ៩,០០០នាក់ចេញពី តំណែង ក្នុងនោះរួមមានទាំងអភិបាលខេត្តក្រុងចំនួន ៣០រូបផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានទាន់ហេតុការណ៍ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ការសម្រេចដកខាងលើនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រកាសដកកងកម្លាំងប៉ូលិស ទូទាំងប្រទេសសរុប ៨,០០០នាក់ចេញពីតួនាទី ដោយសង្ស័យថាពួកគេបានជាប់ពាក់ព័ន្ធ នឹងក្រុមអ្នកផ្សំគំនិត ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រធានាធិបតីលោក Erdogan។

ការដកកងកម្លាំងប៉ូលិស ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានកើតឡើងក្រោយពីការចាប់ឃុំខ្លួនកងកម្លាំងយោធាសរុប ជាង ៦,០០០នាក់ ដែលមានជាប់ព័ន្ធនឹងការធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដា នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនសរុបជិត ៨០លាននាក់មួយនេះ។ សរុបអ្នកស្លាប់ ក្នុងរដ្ឋប្រហារនោះ គឺមានជិត ៣០០នាក់ ដែលក្នុងនោះជាង ១០០នាក់ជាទាហានធ្វើរដ្ឋប្រហារ៕