(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌរដ្ឋបាលក្រុងបាវិត ស្ថិតនៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង។

ពិធីនេះមានការចូលរួម អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកអភិបាលក្រុងបាវិត ព្រមទាំងគណៈកម្មការប្រឡង និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដែលបានដាក់ក្នុងការប្រឡង ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយលោកក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង។

សូមបញ្ជាក់ថា វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ រដ្ឋបាលក្រុងបាវិត មានរយៈពេលមួយព្រឹកនេះ រួមមាន៖ វិញ្ញាសារជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងវិញ្ញាសារ ភាសាអង់គ្លេស៕