(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី បានចូលរួមប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ឧសភា” នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យបាភ្នំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានវត្តមានរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ មន្រ្តីក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាល័យទាំង៣ក្នុងស្រុកសរុបមានអ្នកចូលរួមចំនួនប្រមាណ ៣០០០នាក់។

បន្ទាប់ពីព្រះសង្ឃជយន្តោ និងបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងសង្គ្រាមនិងក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលនៅក្នុងអង្គពិធីទាំងមូល ដោយថ្លែងកោតសរសើរវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានរួមគ្នារៀបចំប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នៅពេលនេះ ដែលជាការសបញ្ជាក់ពីគុណតម្លៃនៃការចងចាំអ្វីៗដែលបានកន្លងផុតទៅ ទោះជាយូរយ៉ាងណាក្តី តែបានផ្ដល់នូវមេរៀនពិសោធន៍សម្រាប់យើងទាំងអស់គ្នាជារៀងរហូត។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា “តម្លៃនៃការចងចាំ២០ឧសភា ជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសគឺយុវវ័យ”។

បន្តមកទៀតអង្គពិធីបានរៀបចំកម្មវិធីសំណួរ-ចម្លើយផ្ទាល់មាត់ ដែលជាកម្មវិធីរំលឹកដាស់តឿនដល់យុវវ័យជំនាន់ក្រោយឱ្យមានការចងចាំជាប់ជានិច្ចពីប្រវត្តិសាស្រ្តកម្ពុជា ក្នុងអតីតកាលដែលជាមហាវិនាសកម្មគ្រោះមហន្តរាយធ្ងន់ធ្ងរបង្កដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍។

សំណួរទាំង៥ រួមមាន៖

សំណួរទី១៖ តើការប្រារព្ធទិវាចងចាំ ២០ ឧសភា ជារៀងរាល់ឆ្នាំដើម្បីអ្វី? តើអ្វីដែលត្រូវចងចាំ? ចងចាំដើម្បីអ្វី?

សំណួរទី២៖ តើសង្គ្រាមនៅកម្ពុជាចាប់ផ្តើមនៅឆ្នាំណា? និងបញ្ចប់នៅឆ្នាំណា? អ្នកណាជាអ្នកបញ្ចប់ និងបញ្ចប់ដោយរបៀបណា?

សំណួរទី៣៖ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍របស់បនប៉ុលពត បានបង្កវិនាសកម្ម និងមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ តើអ្នកបានឮ និងយល់ដឹងយ៉ាងដូចម្តេចខ្លះ?

សំណួរទី៤៖ តើពាក្យស្លោកអរគុណសន្តិភាពមានន័យយ៉ាងដូចម្តេច? នយោបាយឈ្នះ ឈ្នះ រួមចំណែកបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ តើករណីយកិច្ចរបស់ពលរដ្ឋម្នាក់ៗត្រូវធ្វើអ្វីខ្លះ ដើម្បីការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់សង្គមជាតិកម្ពុជាជាដរាបតរៀងទៅ?

សំណួរទី៥៖ ឆ្លងតាមចម្លើយនៃសំណួរទាំង៤ខាងលើ អាចជួយអោយប្អូនដកស្រង់បានអ្វីជាមេរៀនពិសោធន៍?

សំណួរទាំង៥នេះ ត្រូវបានសិស្សានុសិស្សជាច្រើនបានចូលរួមឆ្លើយនិងបកស្រាយយ៉ាងផុសផុល។

បន្ទាប់មកគណៈកម្មការសំណួរ-ចម្លើយធ្វើការវិនិច្ឆ័យប្រកាសលទ្ធផលជូនដល់សិស្សានុសិស្ស ទទួលជ័យជំនះ និងជូនរង្វាន់ដល់សិស្សជ័យលាភីចំនួន១៥នាក់។

ថ្លែងមតិបិទកម្មវិធីប្រារព្ធទិវានៃការចងចាំ២០ឧសភា លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានធ្វើការអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកាន់តែខ្លាំងក្លាបន្តទៅទៀត ចំពោះការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងបេសកកម្មជាតិជាប្រវត្តិសាស្ត្រដើម្បីសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងតរៀងទៅអនាគត។

លោករដ្ឋមន្ត្រីបន្តថា យើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មជាមួយចលនាប្រជាជននៅទូទាំងប្រទេសក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពដូចសព្វថ្ងៃ ហើយដែលបច្ចុប្បន្ននេះបាននិងកំពុងបង្កើតសមិទ្ធផលធំធេង តាមរយៈជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទើបបិទបញ្ចប់ដោយជោគជ័យដ៏មហស្ចារ្យរបស់កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នៅកម្ពុជា (SEA GAME) ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ៕