(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ​កម្មាធិការកណ្តាល​ គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត​កំពង់ធំ បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានឡើយ ដែលបានហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ និងបានចូលរួមអនុវត្តន៍យ៉ាងសកម្ម ក្នុងយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ការពារជាតិជូនអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំចំនួន២.១០៥នាក់ ប្រារព្ធនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផង ចំពោះអតីតយុទ្ធ​ជន​​ទាំ​ង​អស់ ព្រមទាំងក្រុមគ្រួសារ ​ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុ​ការពារ អធិបតេយ្យជាតិមាតុភូមិ ព្រមទាំងបាន និងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុង​ការងាររួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោក ជា ចាន់តូ បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន៍ជានិច្ច ដូចជាការលើកកម្ពស់តួនាទី ក្នុងសង្គមជាតិ និងការលើកកម្ពស់ជីវភាពរបស់បងប្អូន និងគ្រួសារព្រមទាំងលើកទឹក
ចិត្តឲ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបានបន្ដថា ទន្ទឹមនេះសម្ដេចប្រធានបានដាក់ចេញ ​និងការអនុវត្តនូវគោលនយោបាយនានា មួយចំនួនទៀតដូចជា ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្ទាប់ រួមនិងការបំពាក់មេដាយការពារជាតិជូនជាដើម។

លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំឲ្យដឹងថា គ្រឿងឥស្សរិយយសការពារជាតិ ដែលត្រូវបំពាក់ជូនអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ នាពេលនេះមានចំនួន២.១០៥នាក់ ក្នុងនោះមេដាយថ្នាក់អស្សឫទ្ធិ មានចំនួន១គ្រឿង, មេដាយមាសចំនួន៣២៩គ្រឿង និងមេដាយប្រាក់មានចំនួន១៧៧៥គ្រឿង៕