(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកពិធីសូត្រគម្ពីរអាល់គួរអានុលការីមលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ថ្នាក់ជាតិឆ្នាំ២០២៣ នៅវិហារធំគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងលោក លោកស្រីជាសមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុលេខាធិការ ឯកអគ្គរាជទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអ៊ីម៉ាំ តួន ករី ករីអះ ហាហ្វីស ហាហ្វីហ្សោះ។

ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព វិបុលភាព ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមតាមរយ:យុទ្ធសាស្រ្តឈ្នះឈ្នះ និងការអភិវឌ្ឍលើគ្រប់វិស័យឈានឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍។

លោករដ្ឋមន្ត្ត្រីសង្កត់ធ្ងន់ថា សាសនាឥស្លាម ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឲ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនា មិនប្រកាន់និន្នាការជំនឿសាសនា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

លោកបន្ថែមថា ប្រធានបទ ដែលបានដាក់ចេញនៅក្នុងពិធីសូត្រគម្ពីរអាល់គួរអានុលការីមលើកទី៣០នេះ ក្រោមប្រធានបទ «សាសនាឥស្លាម ចូលរួមប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលបានបង្ហាញពីស្មារតីនៃបទបញ្ញត្តិក្នុងគម្ពីរសាសនាឥស្លាម ហើយស្ដែងចេញជាសកម្មភាព រស់រវើកនៅក្នុងសហគមន៍ឥស្លាម ដើម្បីឆ្លើយតបទៅនឹងបរិបទ នៃពិភពលោក ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍប្រទេសជាតិ និងសុខដុមនីយកម្មសាសនានៅកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោក យោប អះស្ការី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការរៀបចំពិធីសូត្រគម្ពីរអាល់គួរអាន ថ្នាក់ជាតិលើកទី៣០ បានលើកឡើងថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ពុំមែនទើបតែ កើតមានបច្ចុប្បន្ននោះទេ គឺមានកាលពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដិ។ ទើបតែមកដល់របបប្រល័យពូជសាសន៍ ពិធីនេះត្រូវបានបិទមិនឲ្យមាន និងជំនួសមកវិញដោយសោកនាកម្មឈឺផ្សា គឺការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ។

ក្រោយមកកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩១ ពិធីសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិ ត្រូវបានប្រារព្ធឡើងវិញ និងមានប្រធានបទខុសៗគ្នា ខណៈឆ្នាំនេះយើងបានដាក់ប្រធានបទមួយ គឺសាសនាឥស្លាម ចូលរួមប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។ លោកថា ប្រធានបទដែលបានដាក់ចេញនាឆ្នាំនេះ ជាប្រធានបទ ដែលមានសារៈសំខាន់ និងសមស្របតាមបច្ចុប្បន្នភាពនៃ សង្គមជាតិនិងអន្តរជាតិ ជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

លោកបានសង្កត់ធ្ងន់ថា នៅក្នុងស្មារតីនៃសាសនាឥស្លាម ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប គឺជាប្រការដែលត្រូវបានហាមឃាត់ ហើយប្រាសចាកពីធម៌វិន័យ និងផ្ទុយពីស្មារតីនៃខ្លឹមសារគម្ពីរអាល់គួរអាន ដែលជាបន្ទូលអល់ឡោះ។ គោលការណ៍ចម្បង និងមូលដ្ឋានគ្រឹះនៃសាសនាឥស្លាម គឺសិទ្ធិសេរីភាពរបស់មនុស្ស ពោលគឺការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិនារី និងសិទ្ធិកុមារ គឺជាផ្នែកមួយនៃធម៌វិន័យសាសនាឥស្លាមដែលបានតម្រូវមក ហើយការជួញដូរមនុស្សបានផ្ទុយនឹងគោលការណ៍ទាំងនេះ។

សូមជម្រាបជូនថា ពិធីសូត្រ និងសូត្រចាំមាត់គម្ពីរអាល់គួរអានថ្នាក់ជាតិឆ្នាំ២០២៣នេះ មានការចូលរួមពីបេក្ខជន-បេក្ខនារី (ករី ករីអះ ហាហ្វីស ហាហ្វីហ្សោះ) មកពី២៤ ខេត្តក្រុងទូទាំងប្រទេស មានចំនួន៤៤រូប ក្នុងនោះមានករី ករីអះផ្នែកសូត្រ ចំនួន៣៣ រូប និងផ្នែកសូត្រចាំមាត់ចំនួន១១រូប៕