(ព្រះសីហនុ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានកើតឡើងនៅផ្ទះជួសជុលម៉ូតូទឹកមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស, ខូចខាតម៉ូតូទឹក២គ្រឿង និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ៤គ្រឿង ក្នុងនោះរបស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង និងអាវុធហត្ថក្រុង២គ្រឿង។ សម្រាប់មូលហេតុវិញ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕