(ព្រៃវែង)៖ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ (កយកា-KOICA) រួមជាមួយ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (កាំកា-CAMKAA) និងក្រុមហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និង ធនាគារអ៊ូរី(Woori Bank) បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តព្រៃវែង។
កម្មវិធីមនុស្សធម៌នោះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំប្រទេសកម្ពុជា លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង លោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី (កាំកា) និងជាអគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និង លោក សំរិត ពិសិដ្ឋ នាយកស្តីទីអនុវិទ្យាល័យតាកោ ខេត្តព្រៃវែង។
អង្គភាពពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមទាំងតំណាងមកពីក្រុមហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ(Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords), និង ធនាគារអ៊ូរី(Woori Bank) លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមានអ្នកចូលរួមសរុបប្រមាណ ៣៥០នាក់ បានចូលរួមក្នុងពិធីចែកអំណោយនេះ។
សម្ភារៈដែលត្រូវចែកជូនដល់សិស្សានុសិស្សរួមមាន កង់ ១៥០គ្រឿង មួកសុវត្ថិភាពចំនួន៣០០ ឯកសណ្ឋានសិស្សចំនួន ១៥០កំប្លេ សៀវភៅសរសេរចំនួន ១,០០០ក្បាល ប៊ិចចំនួន ២០០ឈុត ស្ករត្នោត ៣០០ថង់ និងថ្នាំពេទ្យ។ កម្មវិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងដោយសារការចូលរួម និងការរួមចំណែកពីក្រុមហ៊ុនកូរ៉េ ដែលរស់នៅក្នុងប្រទេសកម្ពុជាដូចជា ក្រុមហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍ (VeryWords) និងធនាគារអ៊ូរី (Woori Bank)។
ក្រុមហ៊ុន Hesed គឺជាសហគ្រាសកសិ-ពាណិជ្ជកម្ម ដែលផលិតផលសំខាន់ គឺស្ករ ត្នោត និងផ្លែឈើស្ងួតដែលផលិតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ(Hyundai Camko Motors) គឺជាក្រុមហ៊ុនលក់រថយន្ត។ ធនាគារស៊ីនហាន(Shinhan Bank) និង ធនាគារអ៊ូរី(Woori Bank)គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្រុមហ៊ុនវែរីវើដស៍(VeryWords) គឺជាសហគ្រាសលក់យានយន្តអេឡិចត្រូនិច ដែលផលិតផលចម្បងរបស់ក្រុនហ៊ុនគឺ កង់អេឡិចត្រូនិច និងសូឡា SHS។
បន្ទាប់ពីពិធីចែកអំណោយ ក្រុមវេជ្ជបណ្ឌិតរបស់កយកា-KOICA ដោយមានជំនួយពីក្រុមសុខសប្បាយ ដែលមានសមាសភាពមកពីអ្នកស្ម័គ្រចិត្ត កយកា-KOICA និងសមាជិកកាំកា-CAMKAA បានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជូនអ្នកជំងឺប្រមាណ ៣០០នាក់ នៅអនុវិទ្យាល័យតាកោផងដែរ។
លើសពីនេះ ក្រុមសុខសប្បាយ រួមជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែង បានផ្តល់ការអប់រំសុខភាពមួយចំនួន ស្តីពីសុខភាពនិងអនាម័យ ដល់សិស្សានុសិស្ស ដើម្បីរក្សាបាននូវទម្លាប់អនាម័យល្អ។ ទម្លាប់ទាំងនេះអាចជួយការពារការរាលដាលនៃជំងឺ និងរក្សាសុខភាពបុគ្គល។ ក្រុមការងារក៏បានអនុវត្តសកម្មភាពអប់រំកាយ ជាមួយសិស្សដើម្បីបង្កើនកម្លាំងរាងកាយរបស់ពួកគេផងដែរ។
លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ កយកា-KOICA និងអ្នកចូលរួមទាំងអស់ ដែលនរៀបចំសកម្មភាពមនុស្សធម៌ ក្នុងខេត្តព្រៃវែង។ គាត់ទន្ទឹងរង់ចាំធ្វើសកម្មភាពមនុស្សធម៌នេះជាមួយ កយកា-KOICA នាពេលបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន បានវាយតម្លៃខ្ពស់លើកម្មវិធីមនុស្សធម៌នេះ ដោយមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺផ្អែកលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងចំណោម កយកា-KOICA កាំកា-CAMKAA ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និងធនាគារអ៊ូរី (Woori Bank)។
លោក បានបន្ថែមថា កម្មវិធីននេះអាចប្រព្រឹត្តទៅបានតែដោយសារការរួមចំណែកដ៏សប្បុរសពីសំណាក់ក្រុមហ៊ុនកូរ៉េ ខណៈដែលការិយាល័យកយា-KOICA ប្រចាំប្រទេសកម្ពុជា ទើបតែជួយរៀបចំ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តួអង្គពាក់ព័ន្ធ។
លោកបានសន្និដ្ឋានថា ការិយាល័យកយកា-KOICA ប្រចាំនៅប្រទេសកម្ពុជា រួមជាមួយនឹងមិត្តល្អដូចជា កាំកា-CAMKAA ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ(Hyundai Camko Motors) ធនាគារស៊ីនហាន (Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និង ធនាគារអ៊ូរី(Woori Bank) នឹងបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា៕