(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្តអះអាងជាថ្មីថា ការផ្តន្ទាទោសលើជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមានរបស់កម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋនៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕