(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន រួមនឹងសមាជិក សមាជិកា បក្សក្នុងខេត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងខេត្តប៉ៃលិន ដែលធ្វើឡើងនៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោក អ៉ី ឈាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទូលថ្វាយព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ ទំាងអស់ ដោយលោកបានគូសបញ្ជាក់ថា សម្តេចទំាងបួន ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស និងបានផ្តាំផ្ញើសេចក្តីនឹករលឹកតាមរយៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់ថ្នាក់ចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តប៉ៃលិន។
លោកបានបន្ថែមថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គឺរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនគួឲ្យកត់សំគាល់ បើយើងក្រលេកមើលពីអតីតកាល ចាប់តំាងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយថ្ងៃសមាហរនកម្ម ១៥ មិថុនា ឆ្នាំ១៩៩៦ មកទល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងស្តា និងអភិវឌ្ឍន៍ឡើងវិញ ហើយវត្តអារាមទាំងអស់នៅទូទំាងប្រទេស ត្បិតអីនៅក្នុងរបបអាវខ្មៅជាង៣ឆ្នាំ ទីអារាមទូទំាងប្រទេស ត្រូវបានវាយកម្ទេច និងបោះបង់ចោល ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានបក្ស បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងខាងពុទ្ធចក្រ និងអាណាចក្រ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានរស់នៅយ៉ាងសុខដុមរមនា មានសិទ្ធិសេរីភាព ទៅតាមលទ្ធភាពក្រុមគ្រួសារនិមួយៗ រស់នៅដោយពុំមានការភ័យខ្លាចដូចកាលពីមុនឡើយ»។
សូមបញ្ជាក់ថា ក្រៅពីបាននាំយកនូវទៀនព្រះវស្សា វេរប្រគេនព្រះសង្ឃនៅវត្តទាំង៣២ លោក អ៉ី ឈាន ក៏បាននាំយកនូវ ទេយ្យទាន បរិក្ខារ និងបច្ច័យជាច្រើនទៀត វេរប្រគេនដល់ព្រះសង្ឃ និងចែកជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម ផងដែរ៕