(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានសម្តែងការជឿជាក់ថា លោក ខាំ ភ័ទ្រជន្ម ដែលទើបឡើងកាន់តំណែងថ្មី ជាអនុប្រធានសាខាគយ និងរដ្ឋាករក្នុងខេត្តស្ទឹងត្រែង នឹងខិតខំបំពេញការងារ របស់ខ្លួនឲ្យមានប្រសិទ្ធិ និងសម្រេចតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីប្រកាស តែងតាំងលោក ខាំ ភ័ទ្រជន្ម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា «ខ្ញុំជឿជាក់ថា លោកអនុប្រធានទទួលបន្ទុករួមសាខាគយ និងរដ្ឋាករខេត្ត ដែលទើបទទួលបានការតែងតាំងថ្មីនេះ នឹងយកចិត្តទុកដាក់បំពេញការងារបន្ត លើការងារជំនាញរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមបំណងប្រាថ្នា របស់ស្ថាប័នគយ និងរដ្ឋាករ របស់រាជរដ្ឋាភិបាល»។
ពិធីតែងតាំងលោក ខាំ ភ័ទ្រជន្ម ជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែងនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ីវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាផងដែរ។
សូមបញ្ជាក់ថា លោក ខាំ ភ័ទ្រជន្ម ដែលមានតួនាទីជាប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងគ្រៀល នៃសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុប្រធានទទួលបន្ទុកក្តាប់រួម សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ជំនួសលោក ជា សារ៉ាត់ ប្រធានសា ខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង៕