(ភ្នំពេញ)៖ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា នៅពេលថ្មីៗ បានសម្រេចចិត្តចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាល ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថែមទៀតផង។
ការប្តូរការងារពីផ្នែកអង្គការក្រៅរដ្ឋាភិបាល មកបម្រើការងារក្នុងរាជរដ្ឋាភិបាលវិញនេះ នាំឱ្យមានការភ្ញាក់ផ្អើល និងកើតមានការប្រតិកម្មច្រើនផងដែរ។ អ្នកខ្លះសម្តែងការសាទរ ហើយអ្នកខ្លះទៀត ក៏សម្តែងនូវមតិយោបល់បែបបញ្ចើចបញ្ចើដាក់លោក ព្រាប កុល ផងដែរ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីការចូលរួមធ្វើការបម្រើជាតិកាលពីដើមសប្តាហ៍កន្លងទៅនេះ លោក ព្រាប កុល បានថ្លែងថា ការសម្រេចចិត្តចូលរួមធ្វើការជាមួយរាជរដ្ឋាភិបាល គឺជាបំណង និងឧត្តមគតិរបស់លោកក្នុងការប្រើយន្តការរាជរដ្ឋាភិបាល ដើម្បី បម្រើជាតិមាតុភូមិ តាមរយៈចំណេះជំនាញដែលលោកមាន។ លោកបានបន្ថែមថា ទោះនៅអង្គការក្រៅរដ្ឋាភិបាល ឬនៅជាមួយរាជរដ្ឋាភិបាល ក៏លោកនៅតែតម្កល់ឧត្តមគតិរបស់លោក គឺបម្រើជាតិ គ្រាន់តែលោកផ្លាស់ប្តូរមធ្យោបាយក្នុងការធ្វើការតែប៉ុណ្ណោះ។
បើតាមលោក ព្រាប កុល ការងារដែលលោកនឹងជួយរាជរដ្ឋាភិបាលនោះ គឺការងារផ្នែកកំណែទម្រង់អភិបាលកិច្ច កិច្ចការអន្តរជាតិ និងទំនាក់ទំនងផ្នែកវិនិយោគជាដើម។
ឆ្លើយតបនឹងការលើកឡើងថា ចូលរាជរដ្ឋាភិបាល ដើម្បីតំណែង និងលាភសក្ការៈនានានោះ លោក ព្រាប កុល បានតបថា ក្នុងតំណែងជាថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល និងមានអាជីវកម្មផ្នែកអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា លោកអាចរស់នៅបានដោយសមរម្យ មិនមានសម្ពាធផ្នែកហិរញ្ញវត្ថុនោះឡើយ។ ជាមួយគ្នានោះ តាមរយៈតួនាទីជាមួយអង្គការក្រៅរដ្ឋាភិបាលកន្លងមក លោកបានដើររហូតដល់ជាង ៨០ប្រទេស និងជួបមេដឹកនាំប្រទេស និងស្ថាប័នធំៗជាច្រើនលើពិភពលោក គេបានផ្តល់តម្លៃ ផ្តល់កិត្តិយស ដូច្នេះលោកមានកិត្តិយសគ្រប់គ្រាន់ ដោយមិនត្រូវអ្វីទៀតនោះឡើយ ក្រៅតែពីការចង់ជួយជាតិនោះ។
លោក ព្រាប កុល បានគូសបញ្ជាក់បែបនេះ «សម្រាប់ខ្ញុំ ខ្ញុំស្គាល់ឧត្តមគតិខ្ញុំច្បាស់ណាស់។ បងប្អូនខ្លះ ប្រហែលជាស្គាល់ឧត្តមគតិរបស់ខ្ញុំ តិចជាងខ្ញុំទេ។ ឧត្តមគតិរបស់ខ្ញុំ គឺបម្រើជាតិមាតុភូមិ តាំងពីពេលមុន ឥឡូវនេះ ហើយតទៅមុខទៀត អត់ដូរទេ។ ខ្ញុំអាចផ្លាស់ប្តូរទីតាំងនៃការធ្វើការបម្រើជាតិ បងប្អូនដឹងហើយបម្រើជាតិ មានច្រើនទីតាំងណាស់»។
បើទោះបីមិនទោមនស្សចំពោះអ្នករិះគន់ ឬអ្នកបញ្ចើចបញ្ចើឱ្យខ្លួនយ៉ាងណាក្តី តែលោក ព្រាប កុល បានស្នើឱ្យប្រជាពលរដ្ឋខ្មែរជាគោរពការសម្រេចចិត្តរបស់អ្នកដទៃ ដើម្បីកែលំអរវប្បធម៌នយោបាយនៅកម្ពុជា ហើយធ្វើឱ្យសង្គមជាតិគ្មានការបែកបាក់។
លោក ព្រាប កុល បានអំពាវនាវបែបនេះ «ខ្ញុំសូមបងប្អូនយើង នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឱ្យប្រទេសយើងអាចរួបរួមគ្នា អាចផ្សះផ្សារគ្នាបាន យើងត្រូវកែលំអរវប្បធម៌នយោបាយច្រើនណាស់។ [...] ខ្ញុំសំណូមពរបងប្អូនយើងចេះគោរពការសម្រេចចិត្ត ការជ្រើសរើសរបស់គេ ទោះបីគេជ្រើសរើសយ៉ាងម៉េចក៏ដោយ។ សេរីភាពនៃការជ្រើសរើស បងប្អូនចង់ធ្វើការងារនៅវិស័យឯកជន គោរពសិទ្ធិរបស់គាត់ ចង់ធ្វើការសង្គមស៊ីវិល គោរពសិទ្ធិរបស់គាត់ ចង់ធ្វើការនៅគណបក្សនយោបាយណា គោរពសិទ្ធិសេរីភាពរបស់គាត់ គាត់ចង់សម្រាកនៅផ្ទះអត់ធ្វើអី គោរពសិទ្ធិសេរីភាពរបស់គាត់។ អាហ្នឹងជាគោលការណ៍ប្រជាធិបតេយ្យ កុំគ្រាន់តែគេធ្វើការងារនេះ យើងទើសអត់ត្រូវចិត្ត យើងទៅចោទគេអ៊ីចេះ បែបនេះមិនធ្វើឱ្យសង្គមយើងវិវឌ្ឍន៍ទៅរកភាពចាស់ទុំនយោបាយទេ។ យើងគួរតែបើកចិត្តឱ្យទូលាយ ហើយកុំអាលឆាប់ធ្វើការសន្និដ្ឋាន វាយតម្លៃ លាបពណ៌ ទម្លាប់នេះ ខ្ញុំគិតថាយើងគួរនាំគ្នាកាត់បន្ថយ»។
លោក ព្រាប កុល ក៏បានអំពាវនាវដល់អ្នកដែលគោរព អ្នកដែលស្រឡាញ់លោក កុំគោរពស្រឡាញ់លោក ហើយព្យាយាមដាក់លក្ខខណ្ឌនយោបាយឱ្យលោក។ កុំស្រឡាញ់លោក ព្រោះតែលោកគាំទ្របក្សនយោបាយ ឬប្រឆាំងបក្សនយោបាយណាមួយ។
សូមបញ្ជាក់ថា លោក ព្រាប កុល ជាបញ្ញវន្តខ្មែរមួយរូបដែលមានការសិក្សាខ្ពង់ខ្ពស់ ហើយលោកបានបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិអស់រយៈពេលប្រមាណជា ២០ឆ្នាំ។ លោក ព្រាប កុល បានលាឈប់តំណែងពីប្រធានអង្គការតម្លាភាពនៅឆ្នាំ២០២០ ហើយបានប្រឡូកក្នុងការងារអាជីវកម្មអចលនទ្រព្យនៅក្រុមហ៊ុនដ៏ល្បីមួយ ដែលគ្រប់គ្រងដោយភរិយារបស់លោក។
តាមរយៈការងារ និងអាជីវកម្មផ្នែកអចលនទ្រព្យ លោក ព្រាប កុល ក៏ជាអ្នកមានកេរ្តិ៍ឈ្មោះ និងមានធនធានមួយរូបនៅកម្ពុជា៕