(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានប្រធានសហជីពធំៗចំនួន៤ផ្សេងទៀត ដែលមានសមាជិកសរុបជាង៩២ម៉ឺននាក់ បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសក្ដៅៗចំៗ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងការស្នើឱ្យសហគមន៍អឺរ៉ុប ឈប់ទទួលផលិតផលសម្លៀកបំពាក់ នាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ជាហេតុធ្វើឱ្យខាតប្រយោជន៍ជាតិ ជាពិសេសប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្លាំងជាងគេ។
ក្រុមសហជីពទាំងនេះ រួមមាន៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដឹកនាំដោយលោកស្រី ទេព គឹមវណ្ណារី, សហព័ន្ធសហជីពឯករាជ្យកម្ពុជា ដឹកនាំដោយលោក អ៊ុក សុបុណ្ណា, សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយលោក ជួន មុំថុល និងក្រុមសហព័ន្ធសហជីព សំឡេងយុវជនខ្មែរ ដឹកនាំដោយលោក ឡុង សុផាត។
ការប្រកាសថ្កោលទោសក្នុងថ្ងៃតែមួយ របស់ក្រុមសហជីពទាំង៤ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានស្នើឱ្យសហគមន៍អឺរ៉ុបបិទការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដែលរងការរិះគន់ពីប្រជាពលរដ្ឋជាច្រើនយ៉ាងខ្លាំង។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។
បទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះបើយោងតាមការ ដកស្រង់ចេញពីវិទ្យុបារាំង RFI។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ក្រុមសហជីព ដែលសម្ដែងពីការថ្កោលទោស ចំពោះលោក សម រង្ស៊ី៖