(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវធ្វើយ៉ាងណា ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនអាជីវករទាំងក្នុង និងក្រៅផ្សារចៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ ឲ្យខានតែបាន។
ការថ្លែងឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាស ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំងអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្ដថា ក្នុងនាមជាអភិបាលខេត្ត លោកបានដាក់វិធានការ ឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ មិនត្រូវយកភាស៊ីលើសពីសៀវភៅបន្ទុក ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅផ្សារ ចៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយឲ្យខានតែបាន។
ជាមួយគ្នានេះ លោកបញ្ជាក់ថា ម៉ាស៊ីនបាញ់ទឹកដែលមានស្រាប់ ត្រូវត្រួតពិនិត្យ និងត្រូវរៀបចំដាក់កាមេរ៉ាសុវត្ថិភាព បណ្តាញភ្លើងក្នុងផ្សារសារឡើងវិញ ដើម្បីរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព។
លោកបន្ថែមថា ការអភិវឌ្ឍន៍ផ្សារ ក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា គឺមិនត្រូវអភិវឌ្ឍន៍លើទឹកភ្នែករបស់ប្រជាពលរដ្ឋឡើង ត្រូវមានការដោះស្រាយគោលនយោបាយណាមួយសមរម្យ ឬសមស្រប ជាងនេះទៅទៀតត្រូវមានការចូលរួមសហការ ស្រុះស្រួលគ្នា ឯកភាពគ្នា ទើបសម្រេចធ្វើជូន ដូចជាប្រព័ន្ធលូ ផ្លូវ...ជាដើម ។ ជាងចុងបញ្ចប់ លោកអភិបាលខេត្ត ក៏បានជូនអំណោយ ជាថវិកាមួយចំនួន ដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និងបន្លែបង្កាបន្តិចបន្តួចមកលក់ដូរផងដែរ៕