(តាកែវ)៖ មន្រ្តីនគរបាលច្រកអន្តរជាតិភ្នំដិន បានប្រាប់ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចវៀតណាម បានបញ្ជូនលោក ឡាយ ប៊ុនធី នាយរងប៉ុស្តិ ច្រកទា្វរអន្តរជាតិភ្នំដិន ទៅកាន់នគរបាលព្រហ្មទណ្ឌខេត្តអាងយ៉ាង ដើម្បីចាត់ការបន្តទៀត ពាក់ព័ន្ធការបាញ់ប្រហារ ជនជាតិវៀតណាម បណ្តាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅហាង ផឹកស៊ីយីហោ ហឿង សឿ ក្នុងភូមិសាស្ត្រភូមិស៊ីនវ៉ា ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
មន្រ្តីនគរបាលបានបញ្ជាក់ថា «នៅរសៀលនេះសមត្ថកិច្ចវៀតណាម បានបញ្ជូន លោក ឡាយ ប៊ុនធី ទៅកាន់នគបាលព្រហ្មទណ្ឌ ខេត្តអាងយ៉ាង ក្រុងឡុងសៀង តែសមត្ថកច្ចវៀតណាម មិនឲ្យសមត្ថកិច្ចខ្មែរយើង ជួបជនសង្ស័យទេ តែឲ្យចូលរួមសហការ ស៊ើបអង្កេតនិងពិនិត្យទីតាំងកើតហេតុ»។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះថា សម្រាប់ករណីមួយនេះ កាលពីយប់មិញលោក ក៏បានជួបពិភាក្សាជាមួយ ភាគីវៀតណាមផងដែរ ប៉ុន្តែនេះជារឿងអនុវត្ត ច្បាប់របស់ប្រទេសគេ ហើយយើងក៏មិនទាន់អាចជួយបាន កម្រិតណានៅឡើយទេ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លោក ឡាយ ប៊ុនធី មានប្រពន្ធ ជាជនជាតិវៀតណាម និងកូន២នាក់ ហើយមានផ្ទះសម្បែងនៅក្នុងទឹកដី វៀតណាមទៀតផង។ លោកថា «ការបាញ់ប្រហារនេះ គឺបណ្តាលមកពីជនរងគ្រោះ ជាប្រភេទក្មេងឈាមរាវនោះ បានវាយគាត់រហូតបាក់ធ្មេញ ទើបមានការគុំគួនរហូតជួបគ្នា នៅហាងផឹកស៊ី បង្កជាទំនាស់រហូតរូបគេ បានរត់ទៅយកកាំភ្លើង នៅផ្ទះមកបាញ់តែម្តង»។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ បានបញ្ជូនមន្រ្តីនគរបាល របស់ខ្លួនដឹកនាំដោយអនុប្រធាន នាយកដ្ឋានម្នាក់ ទៅចូលរួមបុណ្យសពជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តអាងយ៉ាង ប្រទេសវៀតណាម ចាប់ខ្លួនភ្លាមៗក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់ប្រហារទៅលើ ជនជាតិវៀតណាម២នាក់ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់។
មន្រ្តីសមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា លោក ឡាយ ប៊ុនធី បានប្រើកាំភ្លើងម៉ាក K59 បាញ់ចំនួន០៣គ្រាប់ទៅលើជន រងគ្រោះជាជនជាតិវៀតណាម ចំនួន ០២នាក់៖ ១.ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអាងហាវB ទីរួមស្រុកបានជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាសឺ ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (របួសធ្ងន់)៕