(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយបានផ្ដល់ជាអាហាររូបករណ៍ ដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង និងបើកបើកដំណើរការមជ្ឈមណ្ឌលការងារដំបូងគេ នៅខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី Kerry Pelzman នាយកបេសកកម្ម និងអនុប្រធានជំនួយការរដ្ឋបាល នៃគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល របស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) និងមានភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មន្ត្រីរាជការ គ្រូបង្រៀន អាណាព្យាបាល និស្សិត និងបុគ្គលិកសរុប ២១២ នាក់។

លោក សុខ ឃន បានថ្លែងស្វាគមន៍ ដោយបានបង្ហាញអំពីសក្ដានុពល របស់សាកលវិទ្យាល័យ អត្ថប្រយោជន៍នៃមជ្ឈមណ្ឌលការងារ សម្រាប់សិស្សនិស្សិតទូទាំងភូមិភាគពាយព្យ និងទូទាំងប្រទេស និងការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីអាមេរិក។

ក្នុងនោះផងដែរ លោកស្រី Kerry Pelzman ក៏បានសម្ដែងនូវក្ដីរំភើបរីករាយ ចំពោះការសហការគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងលើកទឹកចិត្តចំពោះនិស្សិតទាំងអស់ និងសម្ដែងការគាំទ្រ ចំពោះដំណើរការប្រកបដោយផ្លែផ្កាដ៏មានសារសំខាន់ របស់មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

បន្ទាប់មក គណៈអធិបតីក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលការងារ និងបានដើរទស្សនកិច្ចទីតាំង និងផ្នែកសំខាន់ៗនៃមជ្ឈមណ្ឌលការងារ និងការតាំងពិពរណ៌ការងាររបស់ក្រុមហ៊ុនចំនួន១០ ដែលរួមមាន Cellcard, FTB, Aceleda, Phillips bank, Canadia bank, MISOTA, Manulife, Wing, Sathapana, Dai-Chi។ ស្របជាមួយកម្មវិធីសម្ពោធនេះ ធនាគារកាណាឌីយ៉ា និង ធនាគារស្ថាបនា ក៏បានធ្វើការសម្ភាសន៍ជ្រើសរើសនិស្សិតភ្លាមៗនៅសាកលវិទ្យាល័យផ្ទាល់ផងដែរ។

សូមជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល (DWD) គឺជាគម្រោងរយៈពេលប្រាំឆ្នាំ ដែលអនុវត្តតាមភាពជាដៃគូជាមួយ សាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកឡេ ដើម្បីពង្រឹងលទ្ធផលសិក្សាអប់រំសម្រាប់យុវជន និងអ្នកជំនាញរបស់កម្ពុជា នៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលកាន់តែរីកចម្រើនជាសកល។

អាហារូបករណ៍ត្រូវបានបង្កើតឡើង សម្រាប់និស្សិតចំរុះជាតិសាសន៍ មានទេពកោសល្យ មានជីវភាពខ្សត់ខ្សោយ (under-represented) ដើម្បីបង្កើនលទ្ធភាពទទួលបានវិញ្ញាបនបត្រ ទាក់ទងទៅនឹងជំនាញឌីជីថល ដែលប្រកបដោយគុណភាព រួមជាមួយនឹងកម្មវិធីបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ស្របតាមតម្រូវការជំនាញការងាររបស់ដៃគូ ក្នុងវិស័យឯកជន។

បូករួមទាំងអាហារូបករណ៍ចំនួន១៨រូប ដែលបានផ្ដល់ជារង្វាន់នៅថ្ងៃនេះ សរុបមកអាហារូបករណ៍ DWD មានចំនួន៧៤ ត្រូវបានផ្តល់ជូននិស្សិតបីសាកលវិទ្យាល័យរួមមាន សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ ហើយ៦៥% នៃអាហារូបករណ៍ត្រូវបានផ្តល់ជារង្វាន់ជូននិស្សិតជាស្ត្រី នៅទូទាំងប្រទេស។

ក្នុងកំឡុងពេលនៃការសិក្សា របស់និស្សិតអាហារូបករណ៍ ដែលផ្ដល់ដោយគម្រោង USAID-DWD ពួកគេនឹងទទួលបានគាំទ្រ បណ្ដុះបណ្ដាលពីបណ្ដាញក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យដែលជាដៃគូររបស់គម្រោង និងតាមរយៈសកម្មភាពផ្សេងៗទៀត របស់មជ្ឈមណ្ឌលការងារ ដូចជាការបណ្តុះបណ្តាលជំនាញទន់ កម្មវិធីទំនាក់ទំនង កម្មវិធីហាត់ការ និងពិព័រណ៍ការងារជាដើម។

លោកស្រី ឃែរី ផែល្សម៉ិន នាយិកាបេសកកម្ម USAID ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ថ្ងៃនេះគឺជាវេលាដ៏សំខាន់មួយ។ USAID កំពុងផ្តល់រង្វាន់អាហារូបករណ៍ ដល់និស្សិតចំនួន១៨នាក់នៅសាកលវិទ្យាល័យជាតិបាត់ដំបង និងបើកដំណើរការមជ្ឈមណ្ឌលការងារដំបូងគេ នៅខេត្តបាត់ដំបង»។

លោកស្រីបន្តថា មជ្ឈមណ្ឌលការងារនឹងដើរតួនាទី ជាស្ពានតភ្ជាប់និយោជក ទៅកាន់បុគ្គលដែលមានទេពកោសល្យ ក្នុងប្រទេសកម្ពុជា តាមរយៈវិស័យផ្សេងៗគ្នា ក្នុងទីតាំងកណ្តាលរួមនៅសាកលវិទ្យាល័យ។

មជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង គឺជាមជ្ឈមណ្ឌលការងារទីប្រាំ នៃគម្រោង USAID-DWD ដែលបានបើកដំណើរការ ដោយបានជួយធានានូវនិរន្តរភាពនៃសមិទ្ធិផលនៃការអភិវឌ្ឍន៍ជំនាញការងារឌីជីថល។

មជ្ឈមណ្ឌលទាំងនេះនឹងបន្តបង្កើតទំនាក់ទំនងក្នុងវិស័យឧស្សាហកម្ម និងការកសាងជំនាញការងារយូរអង្វែងទៅមុខ បន្ទាប់ពីការបញ្ចប់គម្រោង USAID-DWD ជាស្ថាពរ៕