(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងនៅកម្ពុជា លោក Tom Malinowski ឧបការីរដ្ឋមន្រ្តី ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ នៅម៉ោង៤៖៤០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលជួបពិភាក្សាការងារជាមួយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា លោក Tom Malinowski មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។ ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងភ្លាមៗ នៅចំពេលដែលអ្នកវិភាគបញ្ហាសង្គម និងនយោបាយល្បាញល្បីមួយរូបនៅកម្ពុជា គឺលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់។ លោក កែម ឡី ត្រូវបានគេចាត់ទុកថា ជាបុគ្គលតំណាងឲ្យសេរីភាព នៃការបញ្ចេញមតិ ដោយសារពេលលោកនៅមានជីវិត លោកតែងបានបញ្ចេញមតិយោបល់យ៉ាងច្រើនពាក់ព័ន្ធបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។

តាមសេចក្ដីជូនដំណើងរបស់ស្ថានទូតអាមេរិក បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្រ្តី Malinowski ក្រៅពីជួបជាមួយមន្ដ្រីរាជរដ្ឋាភិបាល លោកក៏នឹងជួបជាមួយ សមាជិក នៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារសំខាន់ នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា។ បន្ថែមពីនេះលោកនឹងរំលឹកឲ្យកម្ពុជាលើកកម្ពស់ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តី នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្ត នៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចំលើយនេះ។

ចំណែកនៅថ្ងៃទី១៩ ខែកក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅបណ្ណាល័យ នៃស្ថានទូតអាមេរិក ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិក នៃក្រុមប្រឹក្សាយុវជន ឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតីអូបាម៉ា ដែលមានឈ្មោះថា «គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំ យុវជននៅអាស៊ីអាគ្នេយ៍ (YSEALI)» និងមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការទំនាក់ទំនងគ្នាជាបណ្តាញ
នៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍៕