(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានគូសរំលេចថា មូលនិធិកាកបាទក្រហមកម្ពុជា ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព និងពង្រឹងបានភាពម្ចាស់ការក្នុងប្រតិបត្តិការផ្តល់សេវាកម្មមនុស្សធម៌។
លោក ប៉ាន សូរស័ក្តិ បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក ប៉ាន សូរស័ក្តិ បានសម្ដែងសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការចូលរួមពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣នេះ។ លោកបន្តថា នេះជាឆ្នាំដំបូងហើយដែលមានឱកាសបានមកជួបជុំរៀបចំពិធីទទួលថវិកាសប្បុរសធម៌ ដ៏មហោឡារិក បន្ទាប់ពីកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា តាមរយៈរបាយការណ៍របស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មូលនិធិដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានកាលពីឆ្នាំកន្លងទៅ សាខាបានប្រើប្រាស់ប្រកបដោយដោយតម្លាភាព និងពង្រឹងបាននូវភាពម្ចាស់ការក្នុងប្រតិបត្តិការផ្តល់សេវាកម្ម មនុស្សធម៌ ដោយបានចាត់ចែងឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងទស្សនទាន «អ្វីៗដែលយើងបានធ្វើ គឺចេញពីបេះដូង»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្តអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១) ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២) ការងារសុខភាព និងការថែទាំសុខភាពសហគមន៍, ទី៣) ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤) គឺការអភិវឌ្ឍស្ថាប័ន។
ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយសសាខា លោករដ្ឋមន្ត្រី បានអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យឯកជន បន្តចូលរួមជាកម្លាំងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយរងគ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក តាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដូចពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»។
លោករដ្ឋមន្ត្រី បន្ថែមថា គ្រប់កិច្ចការទាំងអស់ដែលយើងអាចសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងនវានុវត្តន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើន និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ ហើយអ្វីដែលជាមោទកភាពបំផុតនោះ គឺជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលទើបបានបិទបញ្ចប់កាលពីល្ងាចថ្ងៃម្សិលមិញ នៅពហុកីឡដ្ឋានមរតកតេជោ ប្រកបដោយភាពអធិកអធមក្រៃលែង។ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឱ្យពិភពលោកមើលឃើញ កាន់តែច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខ ប្រកបដោយភាពជឿជាក់លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពស្នាដៃដ៏ធំធេងរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម ដែលកន្លងមក សម្តេច បានខិតខំស្តារនូវកិត្តិយសសាខា រួមទាំងប្រឹងប្រែងកៀរគររកមូលនិធិបានយ៉ាងច្រើនពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅគ្រប់អាណត្តិ រហូតមានលទ្ធភាពម្ចាស់ការក្នុងការដោះស្រាយជួយជនរងគ្រោះ និងងាយរងគ្រោះដោយមហន្តរាយ និងប្រការផ្សេងៗ បានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាពបំផុត។
លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខាអាណត្តិទី៥ ដែលជានិច្ចកាលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពបុរេសកម្ម មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ រហូតសម្រេចបានលទ្ធផលធំធេងនាពេលនេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទោះបីជាពុំបានធ្វើការប្រារព្ធពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ៕