(ពោធិ៍សាត់)៖ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាននិងអនុប្រធានលេខា ធិការដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំលេខាធិកាដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងប្រគល់ត្រាជាផ្លូវការ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្ត, លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ច័ន្ទ សុត្ថា អគ្គនាយករង តំណាងអគ្គនាយកដ្ឋាន រដ្ឋបាលកិច្ចការតុលាការ, លោក ថោង អុល ប្រធានសាលាដំបូងខេត្ត, លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាដំបូងជាច្រើនរូបទៀត។
ការប្រកាសចូលកាន់តំណែង លោក ឃៀង សុមុនី ជាប្រធានលេខាធិការដ្ឋានរដ្ឋបាល និង លោក ហេង ដូនីន ជាអនុប្រធានលេខា ធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់ នាពេលនេះ ស្របតាមអនុក្រឹតលេខ១៧៥ អនក្រ.តត ចុៈថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមប្រកាសលេខ ០៩៥ កយ.ប្រក/១៥ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងយុត្តិធម៌ ក្នុងការកំណត់អំពីតួនាទីភារកិច្ច ធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវា និងបង្កើនការជឿជាក់ ទុកចិត្ត ពីប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌៕