(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
តាមរយៈសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បុគ្គលដែលដាក់ឈ្មោះថា «Chhay កូនប៉ានាងផាត» ដែលមានជម្លោះជាមួយម្ចាស់ហ្វេសប៊ុក «Mary Ka» ពុំមែនជាកូន ឬជាជំនួយការ នាយឧត្តមសេនីយ៍ នាង ផាត នោះទេ ហើយនាយឧត្តមសេនីយ៍ ក៏មិនមានការជាប់ពាក់ព័ន្ធទៅនឹងករណីជម្លោះនេះដែរ។
«ករណីដែលបុគ្គលនេះ បន្លំយកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅប្រើប្រាស់ក្នុងប្រព្រឹត្តអំពើល្មើស ឬគំរាមកំហែងណាមួយ សូមឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើឱ្យហ្វេសប៊ុកឈ្មោះ «Mary Ka» បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយ របស់ខ្លួនដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិ ទៅពាក់ព័ន្ធនឹងករណីបុគ្គលនេះតទៅទៀត បើមិនដូច្នោះទេ នឹងមានចាត់វិធានការទៅតាមផ្លូវច្បាប់។
ខណៈដែលបច្ចេកវិជ្ជារីកចម្រើន ហើយមានការបោកប្រាស់ច្រើនតាមប្រព័ន្ធអ៉ីនធើណិតនោះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មានការប្រុងប្រយ័ត្ន និងស្រាវជ្រាវឱ្យច្បាស់លាស់ជាមុនសិន មុននឹងផ្សព្វផ្សាយ ឬចែកចាយការចោទប្រកាន់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ៕