(ភ្នំពេញ)៖ ទោះបីមានរយៈពេលជិត១០ឆ្នាំទៅហើយក្តី តែគេប្រហែលជាមិនទាន់​ភ្លេច​​នៅ​ឡើយទេជុំវិញការផ្ទុះបាតុភាពតវ៉ា និងអុកឡុកតាមមណ្ឌលបោះឆ្នោតក្នុង​ព្រឹត្តិ​ការ​ណ៍​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ពីសំណាក់អ្នកគាំទ្រ​អតីត​​គណ​បក្ស​​សង្គ្រោះជាតិ។

សមរភូមិនយោបាយនៅកម្ពុជាឆ្នាំ២០១៣ អាចរាប់ថាជាសមរភូមិដ៏ក្តៅគគុកមួយ និងមានការប្រកួតប្រជែងដ៏ស្រួចស្រាវរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណ​បក្សសង្គ្រោះជាតិ។

នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពេលមណ្ឌលបោះឆ្នោតនីមួយៗ​ដល់ម៉ោងបិទ​ទ្វារ​បញ្ចប់ការ​បោះឆ្នោត និងឈានទៅរាប់សន្លឹកឆ្នោតនោះ មានហេតុ​ការ​ណ៍ ភ្ញាក់ផ្អើលជាច្រើនបានកើតឡើង។ មណ្ឌលបោះឆ្នោតក្នុងរាជធានីភ្នំពេញ​ជា​ច្រើន ត្រូវបានអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចូលអុកឡុក មិនទទួលយក​លទ្ធ​ផល​​បោះ​ឆ្នោត ដោយចោទប្រកាន់ថាមានភាពមិនប្រក្រតី។ មន្ត្រីរៀបចំការបោះឆ្នោត​នៅ តាមមណ្ឌលបោះឆ្នោតមួយចំនួន ត្រូវបានអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិឃាត់​ខ្លួន​ថែម​ទៀតផង។

កាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺមានការផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រអតីតបក្ស​សង្គ្រោះ​​​ជាតិ ជាមួយកម្លាំងសមត្ថកិច្ចនៅមុខវត្តស្ទឹងមានជ័យ រហូតដល់ការចាប់ខ្លួន​សមត្ថ​កិច្ច និងដុតកម្ទេចរថយន្តរបស់កងរាជអាវុធហត្ថជាដើម។ នៅយប់ថ្ងៃបោះ​ឆ្នោត​នោះ ក៏មានការបិទផ្លូវនៅស្ពានអាកាសក្បាលថ្នល់ពីសំណាក់​អ្នកគាំទ្រអតីត​គណបក្សសង្គ្រោះជាតិផងដែរ។

បើគេមើលមួយភ្លែតអាចស្មានថា ជាការតវ៉ាទាមទាររកយុត្តិធម៌លើការបោះឆ្នោតពី​សំណាក់អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ។ តែគេមិនបានដឹងពីចេតនាទុច្ចរិតរបស់​ថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ បង្កការអុកឡុកការបោះឆ្នោត ហើយបង្កើតជា​លេសធ្វើសកម្មភាពខុសច្បាប់ដណ្តើមអំណាចពីបក្សដែលឈ្នះឆ្នោតនោះឡើយ។

រឿងអាក្រក់ល្អសខ្មៅមិនអាចលាក់បាំងជារៀងរហូតនោះឡើយ ពោលអ្វីៗនឹងត្រូវលា​ត​ត្រដាងទៅតាមពេលវេលាគ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ១០ឆ្នាំ​ក្រោយ បន្ទាប់ពី​ទឹក​បានរងថ្លា ការពិតក៏ត្រូវបានលាតត្រដាងឱ្យឃើញនូវ​ល្បិច​កិច្ចកលដ៏អាក្រក់ និង​ពិសពុលរបស់អតីតបក្សសង្គ្រោះជាតិផងដែរ។

លោក គោរម្យ ដាឡា គឺជាមេចលនាមួយរូបក្នុងការកៀរគរនិស្សិត បញ្ញវន្ត ដើម្បីចូល​រួមក្នុងសកម្មភាពតវ៉ាដែលរៀបចំដោយគណបក្សសង្គ្រោះជាតិនាពេលនោះ។ លោក គោរម្យ ដាឡា ក៏ជាមនុស្សដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅមណ្ឌល​បោះ​ឆ្នោត និងស្ថិតនៅក្នុងសកម្មភាពប៉ះទង្គិចនៅមុខវត្តស្ទឹងមានជ័យផងដែរ។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក គោរម្យ ដាឡា បានទម្លាយថា រាល់ការតវ៉ា​នៅ​តាមមណ្ឌលបោះឆ្នោត គឺជាការរៀបចំមួយរបស់មេដឹកនាំអតីតបក្សសង្គ្រោះជាតិ។ លោកបានលើកឧទាហរណ៍នៅក្នុងមណ្ឌលបោះឆ្នោតក្នុងខណ្ឌមានជ័យ ក្រុមអ្នកគាំ​ទ្រអតីតបក្សសង្គ្រោះជាតិ បានបង្ខំឱ្យមន្ត្រីរៀបចំការបោះឆ្នោត ទទួលស្គាល់​សន្លឹក​ឆ្នោត​មិនបានការ។ បន្ថែមពីលើនោះ ពួកគេបានចាប់បង្ខាំងមន្ត្រីរៀបចំការបោះឆ្នោត ព្រោះតែមិនធ្វើតាមគេថែមទៀតផង។

«ជាផែនការរបស់គេ គឺបង្កការអុកឡុកការបោះឆ្នោត និងបង្កើតឱ្យទៅជាហិង្សា។ បើមានហិង្សា គឺគេបានលេសដាក់សម្ពាធផ្សេងៗលើអាជ្ញាធរ និងសមត្ថកិច្ច»។ នេះជាការបញ្ជាក់របស់លោក គោរម្យ ដាឡា។

បើតាមលោក គោរម្យ ដាឡា ទាំងហិង្សានៅមុខវត្តស្ទឹងមានជ័យ និងហិង្សានៅលើ​ផ្លូវ​វេងស្រេង គឺសុទ្ធតែជាការរៀបចំឡើងរបស់មេដឹកនាំអតីតបក្សសង្គ្រោះជាតិ។ បំណងរបស់ពួកគេ គឺចង់ប្រើកម្លាំងមហាជន ដើម្បីដណ្តើមអំណាច​ពីបក្ស​ប្រជា​ជន​កម្ពុជាតែម្តង៕