(ភ្នំពេញ)៖ លោក សុង យ៉ុងហ្គឹន (SONG Youggun) នាយកប្រចាំប្រទេសរបស់អង្គការ KOFIH កូរ៉េ បានប្ដេជ្ញាបន្ដជួយគាំទ្រលើវិស័យសុខាភិបាលកម្ពុជា ពិសេសក្នុងការពង្រីកគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង ដែលបានកំពុងអនុវត្ដក្នុងខេត្ដគោលដៅ ពោធិ៍សាត់ បាត់ដំបង និងខេត្ដបៃលិន មានរយៈពេល ២០២១-២០២៥។

ការថ្លែងដូច្នេះរបស់លោក ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ខណៈដែលលោកទើបទទួលបានការតែងតាំងជាប្រធានថ្មីប្រចាំនៅកម្ពុជា។

តំណាងឱ្យ KOFIH លោកបានថ្លែងអំណរគុណជូនចំពោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏ដូចជាក្រសួងសុខាភិបាល ដែលតែងតែសហការ និងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងនានា ពិសេស ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងខេត្តទាំងបីខាងលើនេះ ដែលសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ទន្ទឹមនឹងនោះ លោកក៏បានប្ដេជ្ញាថានឹងបន្ដកិច្ចសហការជាមួយក្រសួងសុខាភិបាល និងស្នើសុំការគាំទ្របន្ថែមទៀត ទៅដល់ប្រតិបត្ដិការ និងសកម្មភាពការងារជាបន្ដបន្ទាប់ របស់អង្គការ KOFIH។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះលោក សុង យ៉ុងហ្គឹន ដែលទទួលបានការតែងតាំងថ្មីនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់អង្គការ KOFIH ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លើសពីនោះលោកស្រីក៏បានប្ដេជ្ញាបន្ដសហប្រតិបត្ដិការនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសរំលេចថា អង្គការ KOFIH បានសហការគាំទ្រ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់គម្រោងកម្មវិធីសំណុំសមាហរណកម្មសេវាសុខភាពមាតា និងទារក ចាប់តាំងពី ឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងពង្រីកបន្ថែមគម្រោងមួយចំនួនទៀតដូចជា កម្មវិធីឆ្លើយតបបន្ទាន់សម្រាប់សុខភាព កម្មវិធីពង្រឹងសមត្ថភាពការផ្តល់សេវា EmONC កម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវា តាមរយៈការពង្រឹង និងគ្រប់គ្រងជំងឺមិនឆ្លង កម្មវិធីពង្រឹងសមត្ថភាពសម្រាប់សេវាថែទំាទារកទើបនឹងកើត។

ការជួយរបស់អង្គការ KOFIH ពិតជាបានរួមចំណែកពង្រឹងគុណភាពសេវាថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការរៀបចំប្រព័ន្ធតាមដានជំងឺជាដើម សំដៅកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងបានរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ៕