(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលជាថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍មុន ដើម្បីពិភាក្សាការងារមួយពាក់ព័ន្ធនឹងការចុះ ពង្រឹងការរៀបចំ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរ និងលើកោះនានា នៃខេត្តព្រះសីហនុ។
កិច្ចប្រជុំខាងលើនោះ បានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងក្រសួងស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ខេត្តព្រះសីហនុ ជាច្រើននាក់។
កិច្ចប្រជុំបានសម្រេចលទ្ធផលសំខាន់មួយចំនួន រួមមាន៖ ទី១.សម្រេចបន្ថែមមន្រ្តីជំនាញ ដើម្បីពន្លឿនការកំណត់អត្តសញ្ញាណកម្ម ជំរុញដល់ការងារឆ្វៀលដីជូនប្រជាពលរដ្ឋ ក្នុងភូមិទាំង៤ នៅលើកោះរ៉ុង ព្រមទាំងចុះកំណត់តំបន់ការពារព្រៃឈើ សម្រាប់អភិរក្សជា ឧទ្យានជាតិ នៅលើកោះរ៉ុង, ទី២.អង្គប្រជុំបានជំរុញការផ្សព្វផ្សាយអប់រំដល់អាជីវករ និងប្រជាពលរដ្ឋរស់នៅលើកោះ ដើម្បីបន្តការ ពង្រឹងគ្រប់គ្រងថែរក្សា អនាម័យ និងសណ្តាប់ធ្នាប់ នៅតាមឆ្នេរឱ្យបានល្អ ពិសេសចលនាក្នុងការបំពាក់ធុងចម្រោះទឹកកខ្វក់ (Septic Tank) នៅតាមមូលដ្ឋានអាជីវកម្មនីមួយៗ និងបន្តសិក្សាប្រព័ន្ធអាងចម្រោះទឹករួម នៅលើកោះឱ្យបានឆាប់រហ័ស,ទី៣.អង្គប្រជុំបានជំរុញ ដល់ក្រុមការងារ ដើម្បីពន្លឿនការស្ថាបនាខ្លោងច្រកចូលឆ្នេរខ្សាច់នីមួយៗ និងត្រូវបញ្ចប់ការគូសប្លង់មេ សម្រាប់ឆ្នេរខ្សាច់ទាំងអស់ ឱ្យបានឆាប់រហ័ស ដើម្បីឈានដល់ការកែលម្អឆ្នេរខ្សាច់ ស្របតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេស ដោយយកចិត្តទុកដាក់ជាសំខាន់ ដំបូងលើការគ្រប់គ្រងអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់។ ដោយឡែក ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្រុមការងារអភិវឌ្ឍ ទេសចរណ៍ បានចុះអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់អាជីវករ នៅលើកោះរ៉ុង។ ម្យ៉ាងទៀត ក្រោយបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះពិនិត្យស្ថានភាពនៃការ រៀបចំថែរក្សាឆ្នេរនៅឆ្នេរអូត្រេះ៣ ក្នុងក្រុងព្រះសីហនុផងដែរ៕