(កំពង់ឆ្នាំង)៖ ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ វត្តភ្នំទស្សពិត ស្ថិតនៅភូមិធ្លកក្រវៀន ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំ ដោយមានការចូលរួម ពីព្រះចៅអធិការវត្ត គណៈកម្មាធិការ អាស្ចារ្យវត្ត តាជី យាយជី អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងបងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាកំឡុងពេលពិធីបុណ្យដ៏សប្បាយមួយនេះផងដែរ។
បើនិយាយពីពិធីបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងវិញ បងប្អូនដែលមិនធ្លាប់បានដឹងពីដំណើរការបុណ្យឆ្លងឆ្នាំនេះប្រាកដ ទើបមានការងើងឆ្ងល់ ព្រោះថាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង បានឆ្លងផុតចូលជិត២ខែទៅហើយ តែជាក់ស្តែងនាថ្ងៃទី១២ ដល់ទី១៤ ខែឧសភា ឆ្នាំ២០២៣ វត្តភ្នំទស្សពិតទើបនឹងប្ររព្ធពិធីបុណ្យឆ្លងឆ្នាំ និងព្រឹត្តការណ៍មហាសង្ក្រាននេះឡើង ព្រោះនេះជាទំនាមទំលាប់តាំងពីយូរយាមកហើយ សម្រាប់វត្តភ្នំទស្សពិត និងបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកសាមគ្គីមានជ័យ ក៏ដូចជាមានការទទួលស្គាល់យ៉ាងទូលំទូលាយពីថ្នាក់ដឹកនាំខេត្តទាំងមូលផងដែរ។
នៅពីក្រោយទិដ្ឋភាព និងពិធីបុណ្យដ៏សប្បាយមួយនេះដែរ ក៏ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព សុខដុមរមនា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំដឹកនាំ កសាងប្រទេសបញ្ចប់ពីសង្គ្រាម ជាប្រទេសគ្មានសុខសុវត្ថិភាព អសន្តិសុខ មកប្រែក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ រីកចំរើន ដល់សព្វថ្ងៃ អាចឲ្យប្រជាជនរស់ក្នុងក្នុងម្លប់សន្តិភាព រស់នៅយ៉ាងសប្បាយរីករាយ ប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីជាតិខ្មែរ ដូចនាពេលនេះជាដើម។
ក្នុងឱកាសនេះក៏មានកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចូលរួមរៀបចំការពារសុខសុវត្តិភាពជូនបងប្អូននៅបរិវេណវត្តភ្នំទស្សពិតអស់រយៈពេល៣យប់៣ថ្ងៃ ដើម្បីរក្សាបាននូវសុវត្តិភាពជូនបងប្អូន មកលែងកំសាន្ត ហើយក៏មានការដាក់ឲ្យលែងនៅល្បែងប្រជាប្រៃណ៍ជាច្រើនប្រភេទដើម្បីអបអរសារទ និងលែងកំសាន្តផងដែរ៕