(ភ្នំពេញ)៖ អ្នកនំាពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានហៅគំនិតរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលចង់ឱ្យ បិទទីផ្សារនាំចេញពីប្រទេសកម្ពុជាទៅអឺរ៉ុបថា ជាលក្ខណៈចង្រៃ, ដាក់ទណ្ឌកម្ម និងប្រមាថដល់ការរស់រានមានជីវិតរបស់កម្មករ។
លោក ផៃ ស៊ីផាន បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែល សម រង្ស៊ី បានលើកឡើងហ្នឹង នៅក្នុងលក្ខណៈចង្រៃ ហើយក៏ជាសារ ប្រមាថដល់ការរស់រានមានជីវិតកម្មករ យើងឃើញថា សម រង្ស៊ី បានធ្វើកន្លងមកបានគឺបានយកទៅកាត់ក ជាឈ្នាន់នយោបាយ ក៏ដូចជាធ្វើឲ្យកម្មករចេញមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជាការដើរអង្កៀសលុយ ពីកម្មករដែលបានរស់នៅកូរ៉េហើយហ្នឹង ជាការប្រមាថ និងដាក់ទណ្ឌកម្មដល់កម្មករ ហើយជាសកម្មភាពចង្រៃ សម្រាប់កម្មករណាស់»។
នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពី បញ្ហាជំនួយមកកាន់ កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជាធ្វើជា គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI ។
មេដឹកនាំបក្សប្រឆាំងបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជន តូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។
លោក ផៃ ស៊ីផាន បានចាត់ទុកថា គំនិតរបស់លោក សម រង្ស៉ី ពេលនេះ គឺជាការយុទ្ធសាស្រ្តប្រឆាំង នឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកថា «ជាយុត្តិសាស្ដ្រមួយដែលប្រឆាំង នឹងអនុសាសន៍របស់សម្ដេចតេជោ ហើយប្រសាសន៍ របស់សម្ដេចតេជោ មិនថានៅទីណា ទាំងក្នុងស្រុក និងក្រៅស្រុក តែងតែលើកចិត្តឲ្យចូលមកបណ្ដាក់ទុន ដើម្បីឲ្យជាផលប្រយោជន៍ របស់កម្មករ ហើយនេះជាយុត្តិសាស្ដ្រមួយ ដែលខុសពីយុត្តិសាស្រ្ដ របស់សម្ដេចដែលបានខិតខំប្រឹងប្រែង បង្កើតនូវបរិយាកាស សម្រាប់រស់រានមានជីវិត និងផលប្រយោជន៍របស់កម្មករ»។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «មិនត្រឹមតែជាយុទ្ធសាស្ដ្រសម្លាប់កម្មករទេ គឺគាត់លើកឡើងថា ផលប្រយោជន៍ដែលកម្មករ ដែលបានធ្វើកិច្ចសហការ ជាមួយថៅកែ ដែលថៅកែគេទៅធ្វើរោងចក្រនៅទីណា ក៏បានដែរមិនចាំតែនៅកម្ពុជាទេ ដូច្នេះ សម រង្ស៊ី គ្មានលទ្ធភាពទៅប្រឆាំងជាមួយថៅកែបាននោះទេ ហើយនយោបាយរបស់គាត់ចង់ឲ្យគេដករោងចក្រចេញពីស្រុកខ្មែរ ទៅតាមរយៈ ការធ្វើបាតុកម្ម នេះជាលក្ខខណ្ឌចង្រៃមួយសម្រាប់ខ្មែរ»។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ សហជីព និងកម្មករមួយចំនួនធំ ក៏បានសម្តែងការសោកស្តាយ ចំពោះគំនិតមេដឹកនាំ គណបក្សប្រឆាំងដែលចង់ឱ្យអឺរ៉ុបបិទ ទីផ្សារ នាំចូលពីកម្ពុជានេះផងដែរ។ ពួកគេលើកឡើងថា ការបិទទីផ្សារនាំចូលពីប្រទេសកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ ហើយកម្មករនឹងបាត់បង់ការងារ ហាក់ដូចជាសម្លាប់ឆ្នាំងបាយរបស់ពួកគាត់៕