(ភ្នំពេញ)៖ កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលកំពុងប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភ័ណ្ឌភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការយន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព ។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបណ្តាញទីក្រុង ប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

លោក នួន ផារ័ត្ន បានថ្លែងថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយដោយមានសារៈសំខាន់ ទីមួយគឺសម្រាប់ រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងកម្រិតពិភពលោក ហើយរាជធានីភ្នំពេញ បានបង្កើតនៅការិយាល័យប្រចាំការមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញផ្ទាល់នេះ ក៏មានបន្ទប់ធ្វើការរបស់បណ្ដាញនេះដែរ។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញ បានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួលស្គាល់ អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង។ នៅក្នុងឆ្នាំនេះ យើងបានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុងខេត្តមួយចំនួន របស់ប្រទេសវៀតណាម ឡាវ ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្តដែលជាសមាជិកបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នាដើម្បីពិភាក្សាក្រោមប្រធានបទ «មហិច្ឆតារួមគ្នាសម្រាប់ការអភិវឌ្ឍទីក្រុងយើង»។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា សមាគមដែលអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្ដុំនៅទីក្រុង ដែលប្រើប្រាស់ភាសាបារាំងនៅក្នុងបណ្ដាញនេះ។ ដូច្នេះការផ្ដួចផ្ដើមលើកនេះ មិនមែនត្រឹមតែចង់លើកស្ទួយ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារដល់ទីធ្លានៅតាមទីក្រុង ដើម្បីលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត។

ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថា កិច្ចប្រជុំនេះចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺទី១ដើម្បីឆ្លើយតបតម្រូវការផ្សេងៗគឺថាទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការជាបណ្ដាញ ជាមួយអភិបាលក្រុងផ្សេងៗ ដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះគឺយើងធ្វើការជ្រើសរើសប្រធានបទដែលជួយការងារដល់សមាជិក ក្នុងការរៀបចំប្រព័ន្ធលូ និងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ដូចគ្នា នៅក្នុងបណ្ដាញទីក្រុងដែលជាសមាជិក។

សូមបញ្ជាក់ថា សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង៕