(ស្វាយរៀង)៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការលើកឡើងរបស់លោក ចាយ សាមិត្ត បានធ្វើឡើងនៅក្នុងងឱកាសដែលលោកអញ្ជើញជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបទៀត។

លោក ចាយ សាមិត្ត បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នៅក្នុងថ្ងៃនេះ បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ហើយលោកក៏សូមស្វាគមន៍ ចំពោះការអញ្ជើញចូលរួមពីលោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធនៅក្នងខេត្តស្វាយរៀងហើយនេះក៏បានបញ្ជាក់ពីសក្ខីភាពបញ្ជាក់នូវការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់នៅក្នុងដំណើរការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងការចូលរួមចំណែកការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិនៅកម្ពុជា ពីព្រោះថាដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនមែនជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន។ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀតនូវការយល់ដឹងទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់។ ជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកិច្ចស៊ើបអង្កេត កិច្ចស៊ើបសួរ និងការជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។

លោក ចាយ សាមិត្ត បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

បន្ថែមលើសពីនេះ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា ទោះបីជាខេត្តស្វាយរៀង ពុំទាន់មាននូវតំបន់ការពារធម្មជាតិក៏ពិតមែន ប៉ុន្តែ លោកជឿជាក់ថាសិក្ខាសាលាមួយនេះ នឹងផ្តល់នូវចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិដែលជាអ្វីដែលយើងត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថា ប្រធានបទនៃសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ» នឹងផ្តល់នូវចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមលើប្រធានបទ មានចំនួន៩ចំណុចសំខាន់៖

*១៖ ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន 
*២៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦ «អនាម័យ សោភ័ណភាព និងមានបរិស្ថានល្អ»
*៣៖ ការពង្រឹងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
*៤៖ គោលការណួណែនាំក្នុងការប្រើប្រាស់មធ្យោបាយសម្ភារៈ ដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ជាតិ
*៥៖ សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ និងតំបន់ការពារធម្មជាតិ
*៦៖ សញ្ញាណទូទៅនៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
*៧៖ ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ
*៨៖ តួនាទីរបស់នគរបាលយុត្តិធម៌
*៩៖ នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕