(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងកងកម្លាំងនគរបាលខណ្ឌ នាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគរួម និងសម្ភារបរិក្ខា ព្រមទាំងបច្ច័យមួយចំនួន ដែលជាអំណោយរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដើម្បីយកទៅប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តញាណរង្សី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
នាឱកាសនោះលោក ជា ពិសី បានលើកឡើងថា ក្រោមការយកចិតទុកដាក់ និងណែនាំពីសំណាក់លោក ប៉ា សុជាតិវង្ស និងលោកស្រី ក្រុមការងារសាលាខណ្ឌឫស្សីកែវ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងថវិកាមួយចំនួន មកប្រគេនដល់ព្រះសង្ស ដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅចំនួន៥វត្ត រួមមាន៖ វត្តទួលសន្តិវន្ត វត្តឧត្តរាវត្តី វត្តទួលសុវណ្ណារ៉ាម វត្តកោះមេត្តាពោធិវង្ស និងវត្តញាណរង្សី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ។
លោក ជា ពិសី បានបញ្ជាក់ថា វត្តនីមួយៗទទួលបានទៀនព្រះវស្សា១គូរ ស្លាដក១កញ្ចប់ ប្រេងម៉ាស៊ូត៣០លីត្រ ស្ករស១បាវ ទឹកដោះគោ១កេស ទឹកក្រូច១កេស ទឹកសុទ្ធ៣កេស មីយើង២២កេស និងបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ។
ជាមួយគ្នានោះ អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារ បានឯកភាពគ្នាប្រគេនបច្ច័យចំនួន៤លាន៣សែន២ម៉ឺនរៀលផងដែរ ដោយក្នុង១វត្តៗ ទទួលបានបានថវិកា៨៦ម៉ឺន៤ពាន់រៀល ដែលជាទឹកចិត្ត ដ៏សប្បុរសធម៌ដើម្បីជួយដល់ការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ក្រោមការដឹកនាំពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ព្រះចៅអធិការវត្តទាំង៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសាលាខណ្ឌ ដែលមានលោក ជា ពិសី អភិបាលខណ្ឌ ដែលបាននាំយកទេយ្យវត្ថុជាច្រើន និងបច្ច័យមកប្រគេនដល់វត្ត ដែលមានព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស៕