(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជននិវត្តន៍ជន ចំនួន៣៣១នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកបិតាសន្តិភាព បានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិតស៊ូប្តូរជីវិតដើម្បីរំដោះប្រជាជន និងប្រទេសជាតិចេញផុតពីរបបប្រល័យេពូជសាសន៍ ប៉ុល ពត រហូតក្លាយជាមេដឹកនាំប្រទេសសព្វថ្ងៃ។ សម្ដេចតេជោ ហ៊ុន សែន នៅតែចងចាំនូវគំរូវីរភាពដ៏ប្រពៃរបស់យុទ្ធជនយុទ្ធនារី ក្នុងបុព្វហេតុជាតិមាតុភូមិ និងនៅតែដឹងគុណគិតគូរពីសុខទុក្ខជីវភាពរស់នៅចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនជានិច្ច។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានថ្លែងកោតសរសើរ និងអរគុណចំពោះនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ដែលជាសេនាធិការ ដ៏ល្អរបស់សម្តេចតេជោ ដែលបានយកចិត្តទុក្ខ ចុះជួបបងប្អូនអតីតយុទ្ធជន និងបានដោះស្រាយរាល់បញ្ហាផ្សេងៗរបស់អតីតយុទ្ធជនបានឆាប់រហ័ស និងទាន់ពេលវេលា។
អ្នកឧកញ៉ាបណ្ឌិត បានបន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
អ្នកឧកញ៉ាបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ។
អ្នកឧញ៉ាបណ្ឌិត សៀង ណាំ បានលើកទឹកចិត្តដល់អតីតយុទ្ធជនមានចំនួន ៣៣១នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន អង្ករ ១៥គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕