(ភ្នំពេញ)៖ ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា បច្ចុប្បន្នមានកម្រិតតូចទាបនៅឡើយ បើធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់ នេះបើតាមសំដី លោក អ៊ិន មាត្រា ប្រធានយកដ្ឋានធានារ៉ាប់រង និងសោធន បានថ្លែងនៅក្នុងសិក្ខាសាលាមួយ ស្ដីពី «ការធានារ៉ាប់រងលើភារៈទទួលខុសត្រូវ» ដែលប្រព្រឹត្តិឡើង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០១៦ នាសណ្ឋាគារកាំបូឌីយ៉ាណា។
លោក អ៊ិន មាត្រា បានថ្លែងថា វិស័យធានារ៉ាប់រងនៅកម្ពុជា គឺមានសភាពក្មេងខ្ចីនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ប៉ុន្តែទោះយ៉ាណាក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅតែមានសក្ដានុពលធំធេង សម្រាប់កំណើនក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត ហើយសមត្ថភាពជំនាញ ដែលកម្ពុជាខ្វះខាតមានច្រើនផ្នែកដូចជា ការអភិវឌ្ឍន៍ផលិតផល ការវិភាគហានិភ័យ ការចេញប័ណ្ណសន្យារ៉ាប់រង ការកំណត់ថ្លៃ ការវាយតម្លៃ និងដោះស្រាយសំណង និងជំនាញពាក់ព័ន្ធ និង Actuary ផងដែរ។
លោកបញ្ជាក់ទៀតថា រយៈពេល៥ឆ្នាំចុងក្រោយបុព្វលាភ ទីផ្សារធានារ៉ាប់រងទូទៅ សម្រេចបានកំណើនដល់ទៅ២០ភាគរយ ជាមធ្យមក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១០-២០១៥ ហើយវានឹងមានកម្រិតខ្ពស់ ជាងនេះទៅទៀត ប្រសិនបើយើងបូកបញ្ជូល បុព្វលាភធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមរ៉ាប់រងកម្ពុជា បានឲ្យដឹងថា ការធានារ៉ាបរងលើភារៈទទួលខុសត្រូវ គឺជាប្រភេទផលិតផលមួយ ក្នុងចំណោមផលិតផលជាច្រើន ក្នុងវិស័យធានារ៉ាប់រង ដែលមានលក្ខណៈពិសេសច្រើន ហើយវាជាតម្រូវការភាគច្រើន របស់ក្រុមហ៊ុនអាជីវកម្មធំៗ ព្រោះវាអាចជួយសម្រាល់បន្ទុក ផ្នែកហិរញ្ញវត្ថុក្នុងបរិបទ ដែលក្រុមហ៊ុនមានហានីភ័យកើតឡើង។
លោកបានបន្ដទៀតថា សេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចំរើនលឿន ជាមួយកំណើនឆាប់រហ័សនៃប្រាក់ចំណូលប្រជាជន ការយល់ដឹងរបស់ប្រជាពរដ្ឋ ពីអំពីធានារ៉ាប់រង ដោយសង្កេតឃើញថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកចំរើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រងទូទៅ និងរ៉ាប់រងអាយុជីវិត ក្នុងឆ្នាំ២០១៥នេះ កើនឡើងដល់ទៅ៨៣,៧ លានដុល្លារអាមេរិក កើនឡើង៣៨ភាគរយ ធៀបនឹងឆ្នាំ២០១៤។ ក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០១៦នេះ បុព្វលាភធានារ៉ាប់រងទូទៅទទួលបាន ២០,៣ លានដុល្លារអាមេរិក កើនឡើង២០,៣ភាគរយ ធៀបនឹងឆ្នាំ២០១៥ ដែលបុព្វលាភសរុបបានត្រឹមតែ ១៦,៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបន្ដទៀតថា ដូចគ្នានេះដែរបុព្វលាភ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សរុបត្រីមាសទី១ ទទួលបាន៨,៩លានដុល្លារអាមេរិក កើនឡើង១២៣ភាគរយ ធៀបនឹងឆ្នាំ២០១៥ ដែលបុព្វហេតុ សរុបត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះ។ លទ្ធផលដែលទទួលបានទាំងនេះ សបញ្ជាក់ថា វិស័យធានារ៉ាប់រង ក្នុងប្រទេសកម្ពុជា យើងពិតជាទទួលបាននូវទំនុកចិត្ត ពីអតិថិជនកាន់តែ ច្រើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ៕